ចិន និងស៊ីរីប្រកាសភាពជាដៃគូយុទ្ធសាស្រ្តថ្មី
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពី “ភាពជាដៃគូយុទ្ធសាស្ត្រថ្មី” ជាមួយប្រទេសស៊ីរី ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីស៊ីរី លោក បាស់សា អាល់អាសាដ ដែលកំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីជួយកសាងប្រទេសដែលរងការបំផ្លិចបំផ្លាញរបស់គាត់ឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរបានចេញផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីស៊ីរីរបស់គាត់ គឺលោក បាស់សា អាល់អាសាដ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីរវាងចិន និងស៊ីរី។
នាឱកាសនោះដែរ លោក ស៊ី បាននិយាយថា ចិនគាំទ្រស៊ីរីក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស, ប្រឆាំងនឹងការគំរាមកំហែងឯកតោភាគី, ការការពារឯករាជ្យជាតិ, អធិបតេយ្យភាព និងបូរណភាពទឹកដី។ រីឯលោក អាសាដ បាននិយាយថា គាត់អរគុណរដ្ឋាភិបាលចិនសម្រាប់អ្វីគ្រប់យ៉ាងដែលចិនបានធ្វើ ដើម្បីឈរជាមួយប្រជាជនស៊ីរី នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីសាណា។
លោក អាសាដ បាននិយាយយ៉ាងដូច្នេះថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះពិភពលោកពហុប៉ូឡាកំពុងត្រូវបានបង្កើតឡើងនៅថ្ងៃនេះ ដែលនឹងស្តារតុល្យភាព និងស្ថិរភាពដល់ពិភពលោក។ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ នឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទូលំទូលាយ និងយូរអង្វែងលើគ្រប់វិស័យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា