លោក ពូទីន ៖ ទណ្ឌកម្មលោកខាងលិចបង្កើតឱកាសថ្មីដល់សេដ្ឋកិច្ចរុស្ស៊ី
មូស្គូ៖ មេដឹកនាំរុស្ស៊ីបានគូសបញ្ជាក់ថា ការដាក់កំហិតរបស់បណ្តាប្រទេសលោកខាងលិច សំដៅធ្វើឱ្យរុស្ស៊ីចុះខ្សោយឥទ្ធិពលនោះ កំពុងជំរុញកំណើនសេដ្ឋកិច្ចរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំនៃគណៈប្រធានក្រុមប្រឹក្សារដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៊ីបានទប់ទល់នឹងសម្ពាធរបស់បណ្តាប្រទេសលោកខាងលិច ដែលមានបំណងបំផ្លាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ហើយវាកាន់តែរឹងមាំជាងមុន។
មេដឹកនាំរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ីបានកើនឡើងឡើងវិញដល់កម្រិតដែលសម្រេចបាន មុនពេលការដាក់ទណ្ឌកម្មទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ហើយថា វាមានសារៈសំខាន់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍រយៈពេលវែងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលរុស្ស៊ីបានរក្សាទស្សនវិស័យវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។ ជាក់ស្តែងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន បានព្យាករណ៍ថា នៅឆ្នាំ ២០២៤ រុស្ស៊ីនឹងវ៉ាដាច់បណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា