សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលអបអរសាទរទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញខួបលើកទី៣០
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចូលរួមអបអរសាទរទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួបលើកទី៣០ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៣)។ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ជាទិវាប្រវត្តិសាស្ត្រដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរ។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២៣ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល៣០ឆ្នាំគត់។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានគូសបញ្ជាក់ថា ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា «កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស»។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានបន្តថា ស្របតាមស្មារតីនៃការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង នៅក្រោមម្លប់សន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននឹងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំបន្តវេនដ៏ត្រឹមត្រូវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕