ប្រធានាធិបតីម៉ិកស៊ិកចង់ជួបលោក បៃដិន ដើម្បីពិភាក្សាអំពីវិបត្តិជនចំណាកស្រុក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដ័រ បានស្នើសុំកិច្ចប្រជុំទ្វេភាគីមួយជាមួយសមភាគីរបស់គាត់ គឺលោក ចូ បៃដិន ដើម្បីពិភាក្សាអំពីវិបត្តិជនចំណាកស្រុក ដែលកំពុងជន់ជោរពាសពេញប្រទេសរបស់គាត់។
រដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បានថ្លែងក្នុងសន្និកាសែតមួយ អំឡុងមហាសន្និបាតនៃអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា កិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីម៉ិកស៊ិក លោក ឡូប៉េស អូប្រាដ័រ និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីវិបត្តិជនចំណាកស្រុក នៅពេលដែលលោក អូប្រាដ័រ ចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំអាមេរិកឡាទីន ដែលត្រូវបានកោះប្រជុំដោយលោក បៃដិន នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
បើតាមការរំពឹងទុក លោក អូប្រាដ័រ ចង់ពិភាក្សាអំពីផ្លូវច្បាប់ ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ដែលមនុស្សរាប់រយពាន់នាក់កំពុងប្រឈមមុខ ដោយថ្មីៗនេះបានព្យាយាមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងសិក្សាពីវិធីដែលពួកគេអាចស្នើសុំសិទ្ធិជ្រកកោន ក៏ដូចជាទិដ្ឋាការការងារសម្រាប់វិស័យកសិកម្ម។
សូមបញ្ជាក់ថា មនុស្សប្រហែល ៩,០០០នាក់បានមកដល់ព្រំដែនភាគខាងត្បូងរបស់ប្រទេសម៉ិកស៊ិកជារៀងរាល់ថ្ងៃ ហើយប្រហែល ៣,០០០នាក់បានឆ្លងកាត់ Darien Gap ដែលជាព្រៃក្រាស់នៅតាមព្រំដែនរវាងប្រទេសកូឡុំប៊ី និងប៉ាណាម៉ា។ រីឯមនុស្សប្រមាណ ៨,០០០នាក់ទៀតបានមកដល់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិកជាមួយសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ។ ជនចំណាកស្រុកភាគច្រើនមកពីប្រទេសអេក្វាឌ័រ កូឡុំប៊ី ហៃទី គុយបា វេណេហ្ស៊ុយអេឡា ហ្គាតេម៉ាឡា និងហុងឌូរ៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា