មនុស្ស​ជិត ​២០​​នាក់​​ ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឡាន​បំពាក់​គ្រាប់​បែក​​​​នៅភាគ​កណ្ដាល​ប្រទេស​​សូម៉ាលី​

អត្ថបទដោយ៖
CPA

សូម៉ាលី៖ មន្ត្រី​ប៉ូលិស​​មូលដ្ឋាន​​ម្នាក់​​​បាន​និយាយ​កា​ល​ពី​ថ្ងៃ​សៅរ៍​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​​ ១៨​ នាក់​បាន​ស្លាប់​ និង​រាប់​សិប​អ្នក​ផ្សេង​ទៀត​​រង​របួស​ បន្ទាប់​ពី​​​រថយន្ត​ដឹក​ទំនិញបំពាក់​គ្រាប់​បែក​​មួយ​គ្រឿង​បាន​ផ្ទុះ​នៅ​ត្រង់​ចំណុច​កណ្ដាល​នៃ​កន្លែង​ត្រួត​ពិនិត្យសន្តិសុខ​​ក្នុង​ទី​ក្រុង​ ​​Beledweyne ក្នុងរដ្ឋ​​ Hirshabelle ​នៃ​ប្រទេស​សូម៉ាលី​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​រដ្ឋ​ Hirshabelle​ លោក​ Abdirahman Dahir Gure ​​បាន​ប្រកាសពី​​ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​បង្អស់​នេះ​​កាល​ពី​យប់​ថ្ងៃ​​សៅរ៍។ ​

​​មុន​នោះ​ ប៉ូលិស​ក្រុង​ ​​Beledweyne ​លោក​ Ahmed Aden ​បាន​ប្រាប់​រ៉យទ័រ​ថា ចំនួន​អ្នក​ស្លាប់​មាន​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ​ រួម​ទាំង​ទាហាន​ និង​ជន​ស៊ីវិល​ ហើយ​ថា​​ចំនួន​អ្នក​ស្លាប់​​​នឹង​កើន​ឡើង​»​។​ លោក​​បាន​​បន្ថែម​​​ថា​ អគារ​ និង​​ហាង​​លក់​​ទំនិញ​​​ក្បែរ​កន្លែង​កើត​ហេតុ​ ក៏​​ក្លាយ​ជា​​គំនរ​បាក់​បែក​ រួម​ជា​មួយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យដែល​រង​គ្រោះ​នោះ​​ផង​ដែរ។​ ​

ចំណែក​ឯ​អគ្គ​នាយក​នៃ​​ក្រសួង​មនុស្ស​ធម៌​ និង​​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​រដ្ឋ​ ​Hirshabelle ​លោក​ Abdifatah Mohamed Yusuf ​វិញ​ បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​ថា​ មនុស្ស​​ចំនួន​​ ៤០​ នា​ក់​ផ្សេង​ទៀត​ បាន​រង​របួស​។​

​លោក​បាន​​និយាយ​ថា ​៖ «​អ្នក​របួស​ចំនួន​ ២០​ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Beledweyne ​ខណៈ​​ ២០​ នាក់​ផ្សេង​ទៀត​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ ដែល​​​ត្រូវ​បញ្ជូន​ពួក​គេ​តាម​ជើង​យន្តហោះ​ទៅ​កាន់​រដ្ឋធានី​​​ Mogadishu ដើម្បី​ទទួល​ការ​ព្យាបាល​កម្រិត​ខ្ពស់​»​។

​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ដដែល​​ គេ​មិន​ទាន់​ឃើញ​មាន​ក្រុម​ណា​មួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រ​ហា​​រ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាង​ណា​មិញ​ គួរ​​បញ្ជាក់​ថា​ រដ្ឋ​ Hirshabelle ដែល​ស្ថិត​នៅ​តំបន់​ភាគ​​កណ្ដាល​នៃ​ប្រទេស​ គឺជា​ចំណុច​កណ្តា​ល​នៃ​ការ​វាយ​លុក​យោធា​ចុង​ក្រោយ​បង្អស់​របស់​​រដ្ឋាភិបាល​​សូម៉ាលី​ ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​មក​​ពី​ក្រុម​ Al Shabaab ។

ក្រុម​ Al Shabaab បាន និង​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ភាញ​កណ្តាល​របស់​ប្រទេស​សូម៉ាលី​អស់​រយៈ​ពេល​ជាង​​១​ទស្សវត្សរ៍​មក​ហើយ​ ក្នុង​គោល​បំណង​បង្កើត​ស្វ័យ​​គ្រប់​គ្រង​​ដោយ​ផ្អែក​លើ​ការ​បក​ស្រា​យ​យ៉ាង​តឹង​រឹង​នៃ​ច្បាប់​អ៊ិស្លាម​​​របស់​ខ្លួន​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Deadly truck explosion hits checkpoint in central Somali town  https://www.aljazeera.com/news/2023/9/23/deadly-truck-explosion-hits-checkpoint-in-central-somali-town 

ads banner