នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ចិនផ្តល់ការធានាឡើងវិញជុំវិញផែនទីទឹកដីចិន ជាន់គ្នាលើតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង
គូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ចិនបានផ្តល់ការធានាថា ខ្លួននឹងបន្តការចរចាជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជុំវិញការទាមទារទឹកដីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងជៀសវាងសកម្មភាពដែលបង្កើនហានិភ័យនៃភាពតានតឹង។
ថ្លែងទៅកាន់ទូរទស្សន៍ CNN ក្នុងបទសម្ភាសន៍មួយចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក អាន់វ៉ា បានអះអាងថា នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានផ្តល់ការធានានេះដល់លោក បន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទី «បន្ទាត់ក្រហម៩ឆ្នូត» កាលពីខែមុន ដោយត្រួតស៊ីគ្នាលើតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។
ម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត បានច្រានចោលផែនទីថ្មីនេះ។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក អាន់វ៉ា បាននិយាយថា លោក លី មានភាពច្បាស់លាស់ និងពិតប្រាកដ ក្នុងការនិយាយថា ប្រទេសចិននឹងបន្តការចរចា និងមិនអនុវត្តសកម្មភាពណាមួយ ដែលនឹងផ្ទុះ ឬបង្កឱ្យមានការមិនចុះសម្រុងជាមួយប្រទេស «មិត្តរបស់យើង» នៅក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ លោក អាន់វ៉ា បាននិយាយថា ម៉ាឡេស៊ីនៅតែមានការព្រួយបារម្ភចំពោះភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលដែលប្រទេសចិនបានព្យាយាមទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់ ដោយបន្ថែមថា ភាគីទាំងពីរចាំបាច់ត្រូវជៀសវាង «ការបង្កហេតុដែលមិនចាំបាច់» ដែលអាចប៉ះពាល់ដល់តំបន់។
គួរបញ្ជាក់ថា ចិនបានចេញផ្សាយផែនទីទឹកដីថ្មីរបស់ខ្លួនកាលពីចុងខែសីហា។ ផែនទីនោះ រាប់បញ្ជូលទាំងតំបន់ក្នុង «បន្ទាត់ក្រហម៩ឆ្នូត» ដែលគ្របដណ្ដប់ស្ទើរតែទាំងមូលនៃដែនសមុទ្រចិនខាងត្បូង និងទឹកដីជម្លោះជាមួយឥណ្ឌាក្នុងតំបន់ភ្នំហិមាល័យ ថាជាផ្នែកមួយនៃដែនអធិបតេយ្យរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសពាក់ព័ន្ធ រួមមាន ម៉ាឡេស៊ី ហ្វីលីពីន ក៏ដូចជាឥណ្ឌា បានចេញការច្រានចោលយ៉ាងដាច់អហង្ការលើការទាមទារនេះ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Malaysia PM says China gave reassurance after map stirred South China Sea dispute https://www.channelnewsasia.com/asia/malaysia-pm-anwar-south-china-sea-10-dash-line-map-3793531