ក្រសួងអប់រំ និងអង្គការដៃគូ ប្រកាសដាក់ឱ្យដំណើរការគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ​ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ ២០២៣-២០២៦ តាមរយៈការ​បំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋាននៅតាមសាលារៀន និងផ្តល់ការសិក្សាតាមបែបឌីជីថល ដើម្បីរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

គម្រោងនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែកញ្ញា ​កន្លងទៅនេះ​ ក្រោមកិ​ច្ចសហការរវាងក្រសួងអប់រំ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, អង្គការឆាលហ្វានកម្ពុជា និងអង្គការបង្រៀនដើម្បីកម្ពុជា ក្នុងគោលបំណកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំ។  

តាមរយៈគម្រោងនេះ បានជ្រើសរើសសាលារៀនចំនួន ២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេ​ត្តកំពង់ធំ សម្រាប់អនុវត្ត ដែលនឹងនាំឱ្យមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថល ក្នុងសា​រៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នា ដល់សិស្សានុសិស្សសម្រាប់ធ្វើការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។

បើតាមមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងបំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋាន អក្ខរកម្មហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សជាង ២៤,០០០ នាក់និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤,៦១៣ នាក់ រួមមានគ្រូបង្រៀន ឪពុកម្តាយ និងមន្រ្តីរាជការ។  

វិធីសាស្រ្តប្រកប​ដោយភាពគ្រប់ជ្រុងជ្រោយមួយនេះ នឹងបង្កើតបាននូវធនធានមនុស្សជំនាន់ក្រោយ ពោរពេញដោយទេពកោសល្យ ត្រៀមខ្លួនចូលរួម ក្នុងពិភពឌីជីថល។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ឹម កុច បាន​​លើកឡើង​ថា នេះគឺជាគម្រោងមួយដ៏មា​នសារៈសំខាន់ជាទីបំផុត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ស្តីពីការកសាងសមត្ថភាពឌីជីថល។

លោកបានថ្លែងថា ៖ «​សូម្បីតែសព្វថ្ងៃប្រជាជនកម្ពុជា គឺឈានមកដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ទៅហើ​យ ។ ខ្ញុំមានសេចក្តីរំភើបដែលដាក់ឱ្យដំណើរការគម្រោងនេះ ម្យ៉ាងទៀតអង្គការឆាលហ្វានកម្ពុជា ពិត​ជាធ្វើការប្រកបដោយលទ្ធផលល្អ»។

ឯកឧត្តម អ៊ឹម កុច ថ្លែងថា ៖ «​អង្គការនេះ បានរៀបចំជាសៀវភៅ បណ្តុះបណ្តាល ធ្វើម៉េចអប់រំដល់គ្រូចេះឌីជីថល ដើម្បីទៅបង្រៀនសិស្សឱ្យចេះឌីជីថល ហើយសាលាវត្តបូព៌នៅខេត្តសៀមរាប គឺគាត់បានយកចិត្តទុ​កដាក់អនុវត្តអប់រំខាងផ្នែកឌីជីថល ខ្ញុំទៅមើលថ្ងៃមុន សាលានេះបង្រៀនសុទ្ធតែតាមរយៈ LCD ទាំងអស់ ។​ ចឹងទាំងអស់នេះ ទាំងហេដ្ឋារចនាសម្ព័ន្ធ គ្រូយើងត្រូវមាន Tablet,​ Laptop ឬទូរស័ព្ទស្មាតហ្វូន​ និងមា​នសមត្ថភាពទប់ទល់កុំឱ្យមាន Hacker»។

ទន្ទឹមគ្នានេះដែរ នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជាលោក​ ប្រា​ស្សាន វើ​ម៉ា បានថ្លែងដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) របស់សាលារៀន និងការជំរុញសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់ធនធានឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ គឺជាកត្តាសំខាន់ណាស់ សម្រាប់រួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

​លោកថា ៖ «តាមរយៈអង្គការ ធ្វើការផ្តោតទៅលើវិស័យអប់រំ ដែលធ្វើជាមួយ ២០០សាលាជាង ដែលនៅក្នុងនោះយើងឃើញថាវិស័យអប់រំកូនក្មេងនៅតែឃើញមានបញ្ហាទៅនឹងការសិក្សារបស់ពួកគេ។ ចំណែកទាក់ទងឌីជីថល គឺជាផ្នែកមួយដ៏សំខាន់ ដែលអង្គការមើលឃើញថាវាឱកាសមួយដែលរួមចំណែកក្នុងមេរៀននៅសតវត្សរ៍ទី ២១ ក៏បង្កើតជាគម្រោងនេះឡើងដើម្បីរួមចំណែកឱ្យកុមាររៀនបន្ថែមទៀតទៅនឹងឌីជីថល»។

គួរសម្រាបថា អង្គការឆាលហ្វាន បានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ ២០០៧ ហើយផ្តោតទៅលើវិស័យ អប់រំជាពិសេសនៅក្នុងតំបន់ជនបទដូចជានៅខេត្តក្រចេះ ស្វាយរៀង បាត់ដំបង ព្រៃវែង និងរាជធានីភ្នំពេញជាដើម៕

ដោយ៖សុខ រក្សា

ads banner