ក្រុមហ៊ុន Tienit នឹងបង្កើនការនាំចេញបង្កងកណ្តូបឱ្យដល់ជាង ១ ០០០ គីឡូក្រាម ទៅកាន់ប្រទេសចិន ត្រឹមពាក់កណ្តាល​ខែតុលាខាងមុខ​​

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Tienit International Trading គ្រោងនឹងបង្កើននាំចេញបង្កងកណ្តូប ឬប្រកាំងធម្មជាតិ ប្រាំមួយលើកទៀត ដែលស្មើនឹងប្រមាណ ១,០៥០គីឡូក្រាម ទៅទីផ្សារប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនបាននាំចេញពីរដងដោយជោគជ័យ និងទទួលបានគាំទ្រច្រើនពីទីផ្សារចិន។

លោក ជា គឹមឡុង ទីប្រឹក្សាក្រុមហ៊ុន Cambodia Tienit International Trading បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣​ ថា ក្រោយពីក្រុមហ៊ុនបាននាំចេញ​បង្កងកណ្តូប ឬប្រកាំងធម្មជាតិ លើកទី១ (នាំចេញសាកល្បង) ៤៥គីឡូក្រាម និងលើកទី២ ចំនួន ១០៥គីឡូក្រាម ដោយជោគជ័យមក បច្ចុប្បន្នក្រុមហ៊ុនបានស្នើទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋា​ករកម្ពុជា រួចហើយ ក្នុងការត្រៀមនាំចេញប្រាំមួយលើកទៀតនាពេលដ៏ខ្លីខាងមុខ ។

លោកថា ការនាំចេញបង្កងកណ្តូបដោយជោគជ័យនេះ មានន័យថា បង្កងដែលទៅដល់ទីផ្សារចិន គឺជារបស់ធម្មជាតិ ហើ​យ​នៅរស់ទាំងអស់ នៅពេលទៅដល់ប្រទេសចិន ខណៈផលិតផលនេះក៏ទទួលបានការគាំទ្រច្រើនដែរពីខាងប្រជាជនចិន​។

លោក គឹមឡុង បានបញ្ជាក់បែបនេះថា ៖ «​ខាងក្រុមហ៊ុនស្នើសុំគោលការណ៍ទៅគយទុកហើយ ដើម្បីនាំចេញ៦ជើងទៀត ដែលស្មើ​នឹងបរិមាណ ១ ០៥០ គីឡូក្រាម ដោយថ្ងៃស្អែកនេះ ទី​២៥ ខែកញ្ញា​នេះ​ យើងនឹងនាំចេញ១០៥គីឡូទៀតជាការ​នាំចេញ​លើកទី២​។ និយាយរួមក្នុងមួយសប្តាហ៍យើងនឹងនាំចេញប្រហែល២១០គីឡូក្រាម ដោយអាចនាំចេញ២ទៅ៣ដង តាមបរិមាណដែលទិញពីកសិករបាន»។

ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមខ្លះដែរ ដោយលោក គឹមឡុង លើកឡើងថា ដោយសារតែបង្កងប្រភេទនេះ ជាផលិតផលធម្មជាតិ ដូច្នេះហើយក្រុមហ៊ុនហាក់មានការលំបាកបន្តិចទាក់ទងនឹងការប្រមូលទិញពីប្រជានេសាទ ស្រ​ប​ពេលដែលទីផ្សារចិនមានតម្រូវការខ្ពស់។

បើតាមលោក គឹមឡុង ក្រុមហ៊ុន Cambodia Tienit International Trading នឹងនាំចេញផលិតផលជលផលសមុទ្រដទៃទៀ​តផងដែរនាពេលខាងមុខផងដែរ​។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កញ្ញា អ៊ឹម រចនា ធ្លាប់បានប្រាប់ឱ្យដឹងដែរថា ការនាំចេញបង្កងកណ្តូប ដែ​ល​ជាផលិតផលធម្មជាតិ និងជាប្រភេទជលផលទឹកប្រៃនេះ  គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានចូលទៅកាន់ទីផ្សារប្រ​ទេ​សចិនជាផ្លូវការ។

ថ្វីត្បិតតែការនាំចេញបង្កងកណ្តូប ទៅកាន់ទីផ្សារប្រទេសចិនគឺរឿងល្អក៏ពិតមែន ប៉ុន្តែកញ្ញា រចនា បានអះអាងថា ដោ​យសា​រតែបង្កងកណ្តូប ជាផលិតផលធម្មជាតិ ខាងរដ្ឋបាលជលផលក៏បានគិតគូរយ៉ាងហ្មត់ចត់ដែរចំពោះការនាំចេញនេះដើ​​ម្បីរក្សានិរន្តភាពនៃផលិតផលធនធានធម្មជាតិ។

កញ្ញាបានបញ្ជាក់ថា ៖ «​ការនាំចេញក៏ត្រូវគិតដល់ស្ថិរភាពនៃធនធានធម្មជាតិដែរ។ ក្រសួងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ធ្វើ​ឱ្យការនាំចេញផលិតផលប្រភេទនេះ ឬក៏ផលិតផលជលផលធម្មជាតិដទៃទៀត ប្រកបដោយនិរន្តភាព និងមិនប៉ះពាល់ដ​ល់ធនធានសមុទ្រឡើយ។ បើតាមអ្នកជំនាញជលផលយើង មិនទាន់មានប្រទេសណាអាចចឹញ្ចឹមបង្កងកណ្តូបនេះបាននៅឡើយទេ»។

ទាក់ទងនឹង​បង្កងកណ្តូបនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នាអំឡុងពេលជួបសំណេះសំណាល ជាមួយប្រ​ជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២៣ ខែកញ្ញា ក៏បានរំលឹកពីការនាំ​ចេញបង្កងកណ្តូបទៅកាន់ទីផ្សារចិននេះដែរ ដោយលោកអះអាងថា ការនាំចេញលើកដំបូង៤៥គីឡូក្រាមនៃបង្កងកណ្តូ​ប​​នេះគឺជាការធ្វើតេស្តសាកល្បង​ប៉ុណ្ណោះ​។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែង​ថា ៖ «ពេលដែលធ្វើតេស្តសាកល្បងហើយ គេនឹងយកច្រើនជាងនេះទៀត គេមិនមែនយកតែ​៤៥គីឡូហ្នឹងទេ ព្រោះបរិមាណនេះសូម្បីតែហាងមួយនៅភ្នំពេញទិញទៅលក់មិនគ្រប់ផង។ គេយកទៅជាជំហានមួយ គេ​យក​ជា​ Sample ទៅសិន ប៉ុន្តែមុននឹងគេយកSampleនេះ គេសិក្សាច្បាស់លាស់អស់ហើយ »។

បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ រហូតមកទល់ពេលនេះ កម្ពុជា បាននាំចេញផលិតផលជលផល និងផលិតផលវារីវប្បកម្ម៤មុខហើយ ទាំងផលិផលទឹកសាប និងទឹកប្រៃ ស្មើនឹងបរិមាណ​ជាង២៥តោនទៅកាន់ប្រទេសចិនជាផ្លូវការ ដែលផលិតផលទាំងនោះរួមមានដូចជា ត្រីប្រាកែច្នៃរួចចំនួន១៤តោន ,កំពឹស និងអន្ទង់បង្កក១១តោន និងចុងក្រោយនេះ គឺបង្កងកណ្តូប ៤៥គីឡូក្រាម៕

ដោយ៖វណ្ណ សុជាតា​

ads banner