កម្ពុជា អបអរសាទទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នជាតិ រួមនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសារអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣) ខណៈ កម្មវិធីអបអរសាទរគ្រោងនឹងប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ២៤ ខែកញ្ញាថា នៅក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលរដ្ឋធម្មនុញ្ញ សម្រេចបានសមិទ្ធផលជាច្រើនឥតគណនា។ពិសេសសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេង ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងបច្ចុប្បន្នមានលោក ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ចំណែករដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចូលរួមអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះផងដែរ ដោយបានលើកឡើងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ជាតិដែលកំណត់នូវការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់ជាតិ។ រដ្ឋធម្មនុញ្ញជានិមិត្តរូបនៃឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជាការធានានូវការគោរពគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តកំពង់ស្ពឺបានសរសេរថា ៖ «ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ តាមរយៈការស្វែងយល់ ការចូលរួមបំពេញករណីយកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងការមិនប្រព្រឹត្តអំពើល្មើសដែលមានចេតនាបំពានលើច្បាប់កំពូលមួយនេះជាដាច់ខាត»។
យោងតាមសេចក្តីព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៣ ខែកញ្ញា បានឱ្យដឹងដែរថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរ។
ប្រភពដដែលបន្តថា គិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុ៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំងប្រាំមួយ ដែលកម្ពុជាធ្លាប់បានអនុវត្ត។
ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣) ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
ដោយ៖គឹម យុត្ថារ៉ូ
