ឯកឧត្តម អ៊ុន ចាន់ដា ជំរុញលើកទឹកចិត្តដល់ប្រជាជន ឲ្យចូលរួមលេងកីឡា មួយកីឡាមួយប្រភេទប្រចាំជីវិត ដើម្បីសុខភាព សាមគ្គីភាព

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានអញ្ជើញបិទការប្រកួតកីឡាប៊ូល ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ « ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម » ដែលការប្រកួតនេះ ធ្វើឡើងអស់រយៈពេល ២ ថ្ងៃ នៅបរិវេណការិយាល័យអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្រុងកំពង់ចាម ។

លោក ចាប សុផល ជាគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម » ក្រោយពេល បើកការប្រកួតអស់រយៈពេល ២ ថ្ងៃ ឃើញថា ជ័យលាភី លេខ១ បានទៅលើ មន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ, លេខ២ បានទៅលើ ក្លឹបខេត្តកំពង់ចាម ៣ , និងលេខ៣ បានទៅលើ ក្លឹបខេត្តកំពត.។ លោក បានបញ្ជាក់ថា ការប្រកួតនេះ វិញ្ញាសារ ៣នាក់ ទល់ ៣នាក់ មានការចូលរួមពីកីឡាករ សរុបចំនួន ៤០ ក្រុម មកពីបណ្ដាខេត្ត ចំនួន១៣ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ព័ន្ធប៊ូល និងប៉េតង់នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត កំពង់ចាម ក្នុងការរៀបចំការប្រកួតនេះឡើង ដែលបង្ហាញឱ្យឃើញពីការខិតខំធ្វើ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យមួយនេះ កាន់តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយកម្រិតថែមទៀត ក៏ដូចជាជំរុញ និងលើកទឹកចិត្តដល់ប្រជាជន ឲ្យចូលរួមលេងកីឡា យ៉ាងហោចណាស់ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងស្គាល់ពីគុណតម្លៃនៃកីឡា៕

លី ពៅ

ads banner