ហ្វីលីពីនថ្កោលទោសខ្សែពោងបណ្តែតទឹកនៅសមុទ្រចិនខាងត្បូង ដែលចិនដាក់ពង្រាយ
ម៉ានីល៖ប្រទេសហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន ថាបានដាក់ពង្រាយខ្សែពោងបណ្ដែតទឹកនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដែលរារាំងប្រជាជនហ្វីលីពីនមិនឱ្យនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ និងការិយាល័យជលផល និងធនធានជលផលហ្វីលីពីន លោក Jay Tarriela បានបង្ហោះសារនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ)ថា អង្គភាពថ្កោលទោសយ៉ាងដាច់អហង្ការលើការដាក់ពង្រាយរនាំងខ្សែរពោងបណ្ដែតទឹករបស់ចិននៅកោះប៉ប្រះទឹក Scarborough Shoal ដែលរារាំងទូកនេសាទហ្វីលីពីនមិនឱ្យចូលកោះ ហើយបិទផ្លូវពួកគេមិនឱ្យធ្វើសកម្មភាពនេសាទដើម្បីចិញ្ចឹមជីវិត។
រូបថតដែលគេចែកចែក បានបង្ហាញពីពោងបណ្ដែតទឹកជាច្រើនតម្រង់ជួរគ្នា អមដោយទូកចិនចាំយាមនៅ តំបន់កោះ ដែលហ្វីលីពីនហៅថា Bajo de Masinloc ។ លោក Tarriela បាននិយាយថា រនាំងពោងបណ្ដែតទឹកនេះ មានប្រវែងប្រហែល ៣០០ ម៉ែត្រ ហើយត្រូវបានហ្វីលីពីនប្រទះឃើញ ក្នុងអំឡុងពេល «ការល្បាតតាមដែនសមុទ្រ» កាលពីថ្ងៃសុក្រ។
លោកបានបន្តថា ពេលទូកហ្វីលីពីនចាប់ផ្តើមនេសាទ នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួនបួនបានចាប់ផ្តើមបញ្ចេញសម្លេងវិទ្យុរំខានព្រមាន ដើម្បីប៉ុនប៉ងបណ្ដេញការនេសាទរបស់ហ្វីលីពីន។
លោក Tarriela បានបន្ថែមថា ឆ្មាំឆ្នេរសមុទ្រហ្វីលីពីននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រក្សាសិទ្ធិដែនសមុទ្រ និងការពារដែនសមុទ្ររបស់ហ្វីលីពីន។
គួរបញ្ជាក់ថា កោះប៉ប្រះទឹក Scarborough Shoal ស្ថិតនៅក្នុងតំបន់ EEZ របស់ហ្វីលីពីន ដូចដែលបានកំណត់ដោយច្បាប់ដែនសមុទ្រអន្តរជាតិ និងត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ។ ប៉ុន្តែទីក្រុងប៉េកាំងបានទាមទារតំបន់កោះនេះ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ជុំវិញភាពចម្រូងចម្រាស់ចុងក្រោយនេះ ស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះទេ ខណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុងម៉ានីល និងប៉េកាំង បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានដោយខុសច្បាប់ តាមរយៈសកម្មភាពផ្សេងៗនៅក្នុងតំបន់ជម្លោះ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Philippines condemns ‘floating barrier’ in South China Sea