លោក សួន វិសាល ប្តេជ្ញានាំយកបទពិសោធន៍ និងចំណេះដឹងអាជ្ញាកណ្តាលកូនគោលទ្វីបអាស៊ីមកចែករំលែកនៅកម្ពុជា
(ភ្នំពេញ) ៖ លោក សួន វិសាល មន្រ្តីបច្ចេកទេស សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៣នេះ បានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន ក្នុងតួនាទីជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលតំណាងឲ្យសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។
ថ្លែងប្រាប់ទូរទស្សន៍អប្សរា មុនឡើងយន្តហោះ លោក សួន វិសាល បានបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់កម្ពុជាផ្នែកកីឡាវាយកូនគោល ដែលត្រូវបានសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិអញ្ជើញមន្រ្តីបច្ចេកទេសកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ក្នុងចំណោម ៣០នាក់ក្នុងតំបន់អាស៊ាននិងអាស៊ី។
លោកថា ក្នុងនាមលោក ជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលតំណាងឲ្យសហព័ន្ធកីឡាវាយកូនគោលកម្ពុជា លោកពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលបានឱកាសទៅចូលរួមជាមន្ត្រីអាជ្ញាកណ្តាលដឹកនាំការប្រកួតផ្នែកកីឡាវាយកូនគោលក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនៅអាស៊ីនេះ។ ទាំងអស់នេះ គឺជាការផ្តល់ឱកាសពីថ្នាក់ដឹកនាំសម្តេចពោជ័យសេនា ទៀ បាញ់ប្រធានសហព័ន្ធនិង ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោល ដែលផ្តល់ទំនុកចិត្តឧទ្ទេសនាម លោកទៅកាន់សហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ។
ក្នុងនាម លោក ជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនគោលកម្ពុជាទាំងអស់ដែលតែងតែយកចិត្តទុកដាក់បណ្តុះបណ្តាល និងផ្តល់ឱកាសជូនមន្រ្តីបច្ចេកទេសបានទៅក្រេបជញ្ជក់យកចំណេះដឹងបទពិសោធន៍ថ្មី ដើម្បីបំពេញចំណេះជំនាញបន្ថែម។ លោក ប្តេជាចិត្តខិតខំបំពេញការងារ ពិសេស នឹងនាំយកបិទពិសោធន៍អន្តរជាតិកម្រិតទ្វីបមកចែករំលែកដល់មន្រ្តីអាជ្ញាកណ្តាលថ្នាក់ជាតិផ្សេងៗទៀតនៅកម្ពុជា។
លោក សួន វិសាល បានចូលបំរើរការងារជាមន្រ្តីស្ម័គ្រចិត្តក្នុងសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានចំនួន៥ឆ្នាំ លោកត្រូវបានសហព័ន្ធបណ្តុះបណ្តាលជំនាញជាមន្រ្តីបច្ចេកទេសចៅក្រមអាជ្ញាកណ្តាលកីឡាវាយកូនគោលកម្រិតជាតិនិងអន្តរជាតិនៅក្នុងប្រទេសនិងក្រៅប្រទេសតាមរយៈonlineជាច្រើនលើក ដោយទទួលបានវិញ្ញាប័ត្រទទលស្គាល់ដោយសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងសកម្មភាពជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលបានចូលរួមអនុវត្តន៍ការងារដោយផ្ទាល់ជាមួយការប្រកួតធំៗមានកម្រិតជាតិដូចជាពានរង្វាន់ថ្នាក់ដឹកនាំធំៗនិងកីឡាជាតិជាដើម ហើយ សម្រាប់អន្តរជាតិ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដែលទើបតែបញ្ចប់កាលពីអំឡុងខែ ឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games)លើកទី១៩ ទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន លោក សួន វិសាលចូលរួមជាមន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលដឹកនាំការប្រកួតផ្នែកកីឡាវាយកូនគោល ដែលចាប់ផ្តើមពីថ្ងៃ២៨ ខែកញ្ញា ដល់ថ្ងៃទី១ខែ តុលា ឆ្នាំ២០២៣ ៕
រូបភាព ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ