មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដា

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដារាប់ពាន់នាក់ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះពិតជាមោទនភាពជាតិខ្មែរ ដែលមាននាយករដ្ឋមន្ត្រីដ៏ឆ្នើម មានសមត្ថភាព មានគុណធម៌ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការអភិវឌ្ឍរីកចម្រើន ដូចអរិយ្យប្រទេសនៅលើពិភពលោក។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់អំពីខ្លឹមសារប្រសាសន៍សំខាន់ៗមួយចំនួន របស់សម្ដេចធិបតី ហ៊ុនម៉ាណែត ដែលបានថ្លែងប្តេជ្ញាចិត្ត សហការល្អជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក និងខិតខំគៀងគរភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីប្រជាជនកម្ពុជា មានកំណើនការងារ និងមានប្រភពចំណូលក្នុងក្រុមគ្រួសារ ឱ្យមានការរីកចម្រើន ។

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានការអបអរសាទរយ៉ាងក្លៀវក្លា និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចនាយករដ្ឋមន្ត្រី នឹងបានប្ដេជ្ញាចិត្តដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារឱ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner