ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ – មន្ត្រីគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ ត្រូវមានគុណភាពខ្ពស់
(ភ្នំពេញ)៖ មន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ត្រូវតែខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាគុនខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តមប្រធានស្តីទី មានប្រសាសន៍ទៀតថា សហព័ន្ធបានបើកដំណើរវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ។ ដោយសារតែវគ្គសិក្សានេះមានរយៈពេលខ្លី តែ៥ថ្ងៃនោះ ឯកឧត្តមប្រធានស្តីទីក៏បានស្នើដោយទទូចឲ្យសិក្ខាកាមទាំងអស់គប្បីត្រូវត្រងត្រាប់ កត់ត្រា ដើម្បីក្រេបចំណេញដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ហើយត្រូវគោរពឲ្យបានជាដាច់ខាត់នូវវិន័យ ក្រមសីលធម៌ ជាពិសេសគឺហាមអវត្តមានពីការសិក្សា ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែរីកចម្រើន។ «ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់ ក្រោយពីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះទៅ អនុវត្ត ឲ្យបានល្អប្រសើរនៅពេលខាងមុខ ហើយវគ្គសិក្សានេះ សហព័ន្ធនឹងមានចេញជាវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមដែលទទួលបានជោគជ័យក្នុងវគ្គ»។
ឯកឧត្តម វ៉ា ស៊ិនភិរម្យ បន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡាតែងតែគាំទ្រ និងយកចិត្តទុកដាក់ផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជារៀងរាល់ឆ្នាំ ដើម្បីដំណើរការងាររដ្ឋ បាល ការងារបណ្តុះបណ្តាល និងការងារប្រកួតប្រចាំឆ្នាំផងដែរ។
ការជួយឧបត្ថម្ភគាំទ្រនេះបានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើន ទាំងផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស និងការងាររដ្ឋបាលបានធ្វើឲ្យមានការចាប់អារម្មណ៍គាំទ្រពីមហាជន។ ក្នុងនោះក៏មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់តាមដានគាំទ្រ ទាំងនយោបាយដឹកនាំ សម្ភារ ថវិកាជាបន្តបន្ទាប់មកដលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មន្ត្រីបច្ចេកទេសគ្រប់ជំនាញ កីឡាករ-កីឡាការិនី ក្នុងការប្រកួតកីឡាលក្ខណៈជាតិ និងអន្តរជាតិ រហូតទទួលបានមេដាយជូនជាតិមាតុភូមិរបស់យើងជាបន្តបន្ទាប់។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជម្រាបជូនថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសគ្រប់គងការប្រកួត កីឡាប្រដាល់គុនខ្មែរ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងការផ្ដល់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងមានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិ លេខាធិការដ្ឋានបានធ្វើសេចក្តីជូនដំណឹងដល់បណ្តាសមាគម ក្រសួង រាជធានី ខេត្ត ចាត់បញ្ជូនមន្ត្រីបច្ចេកទេសរបស់ខ្លូនចូលរួម។ ចំពោះសិក្ខាកាមដែល បានចូលរួមសរុបមានចំនួន៣៥នាក់ ក្នុងនោះមានស្ត្រី៤នាក់។
លោកអគ្គលេខាធិការរងរូបនេះបន្ថែមថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាពមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរឲ្យមាននិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្ត្ររបស់សហព័ន្ធ។ គណៈគ្រប់គ្រងវគ្គ និងគ្រូប្រចាំវគ្គ ចំពោះសិក្ខាកាមដែលមានសមត្ថភាពប្រឡងជាប់ សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ប៉ុន្តែចំពោះសិក្ខាកាម ដែលប្រឡងធ្លាក់ គឺសហព័ន្ធមិនចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ៕
ចាន់ វិចិត្រ