អូស្ត្រាលីចង់មានកិច្ចសន្ទនាដាច់ដោយឡែក ជុំវិញបញ្ហាជម្លោះពាក់ព័ន្ធនឹងការនាំចេញស្រាទៅចិន
កង់បេរ៉ា៖អូស្ត្រាលីចង់ឱ្យមានការសន្ទនាដាច់ដោយឡែកមួយជាមួយប្រទេសចិន ពីការមិនចុះសម្រុងគ្នាទាក់ទងនឹងការយកពន្ធស្រា ។នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលីដែលបានលើកឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា។ អូស្ត្រាលីបានបដិសេធសំណើរបស់ចិនក្នុងការភ្ជាប់បញ្ហាស្រានេះជាមួយនឹងបញ្ហាពាណិជ្ជកម្មផ្សេងទៀត ខណៈដែលប្រទេសទាំងពីរកំពុងធ្វើការដោះស្រាយភាពតានតឹងនៃបញ្ហាពាណិជ្ជកម្មទ្វេភាគីដែលបានអូសបន្លាយជាយូរណាស់មកហើយ។
កាលពីខែមុន ប្រទេសចិនបានដកពន្ធលើអង្កររបស់អូស្ត្រាលី ដែលបានជំរុញឱ្យមានសុទិដ្ឋិនិយមចំពោះការកាត់បន្ថយពន្ធលើស្រាអូស្ត្រាលីបន្ថែមទៀត។ការយកពន្ធទៅលើស្រាទាំងនេះចិនបានចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ២០២១ និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញស្រារបស់អូស្ត្រាលី។
គួររំឭកថា ទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងចិនបានធ្លាក់ចុះនៅឆ្នាំ២០២០ នៅពេលដែលអូស្ត្រាលីបានអំពាវនាវ ឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩។ ការអំពាវនាវនេះបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង និងបានចាប់ផ្ដើមរឹតបន្តឹងលំហូរពាណិជ្ជកម្ម ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីដែលពឹងផ្អែកលើការនាំចេញជាចម្បង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ (Xinhua) បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានស្នើឱ្យមានដំណោះស្រាយរួមមួយ ដោយភ្ជាប់ការខ្វែងគំនិតគ្នាលើបញ្ហាស្រាជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលរបស់អូស្ត្រាលីទៅលើទំនិញមួយចំនួនរបស់ចិន ដូចជាកង់ផ្លូវរថភ្លើង ប៉មខ្យល់ និងធុងដែកអ៊ីណុកជាដើម។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោក មូរ៉ាយ វ៉ាត (Murray Watt) បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងមើលឃើញថា វាជាបញ្ហាដាច់ដោយឡែកពីគ្នា»។ លោកបានបន្ថែមថា រដ្ឋាភិបាលចង់ឱ្យវិវាទពាក់ព័ន្ធនឹងស្រានេះត្រូវបានដោះស្រាយតាមរបៀបដែលធ្លាប់បានដោះស្រាយបញ្ហាស្រូវសាលី ពោលគឺតាមរយៈការសន្ទនាគ្នា។
លោក វ៉ាត បានបញ្ជាក់ថា ៖ «យើងនឹងបន្តសំណុំរឿងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់យើងពាក់ព័ន្ធនឹងស្រាដដែល ហើយយើងក៏នឹងបន្តការពារជំហររបស់យើងក្នុងករណីដែលទាក់ទងនឹងបញ្ហាដែកថែប»។ ការលើកឡើងរបស់លោក វ៉ាត នេះ គឺចង់សំដៅទៅលើវិវាទរវាងប្រទេសទាំងពីរដែលកំពុងបន្តនៅអង្គការពាណិជ្ជកម្មពិភពលោក។
គួរដឹងដែរថា ប្រទេសចិនគឺជាទីផ្សារនាំចេញស្រាដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីកាលពីមុនពេលកូវីដ១៩។ ជាក់ស្ដែង ទំហំនាំចេញបានឈានរហូតដល់ទៅប្រមាណ ៧៧០ លានដុល្លារអាមេរិកក្នុងរយៈពេល ១២ ខែគិតត្រឹមខែមករា ឆ្នាំ២០២០។ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ បានរាតត្បាតបានវាយប្រហារ បានធ្វើឱ្យមានការធ្លាក់ចុះដល់ត្រឹមតែប្រមាណជាង ៥ លានដុល្លារអាមេរិកប៉ុណ្ណោះ គិតដល់ខែមិថុនា ឆ្នាំ២០២០ ដដែល៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Australia seeks separate dialogue on China wine dispute