AVIVoice Ep136 :គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការពង្រឹងទីផ្សារក្នុងស្រុក
រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា បានប្រកាសអំពីការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សាររបស់បរទេស ជំនួសវិញដោយការពង្រឹងនូវសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន និងពង្រីកនូវទីផ្សារបន្ថែមទៀតដោយផ្អែកលើគោលនយោបាយទីផ្សារចម្រុះ និងសេរី។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីគោលគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីបានដាក់ចេញពាក់ព័ន្ធទៅនឹងការប្ដេជ្ញាចិត្តពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងយន្តការនៃការពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព។
សំណួរទី១៖ នៅក្នុងន័យថាកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវសមត្ថភាពទីផ្សារផ្ទៃក្នុងរបស់ខ្លួននោះ តើរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី លោកបានមានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអ្វីដើម្បីពង្រឹងនូវសមត្ថភាពទីផ្សាររបស់ខ្លួននៅក្រៅពីការពឹងផ្អែកទៅលើប្រទេសមហាអំណាចនៅលើពិភពលោកផងដែរ?
លោកបណ្ឌិត សឿន សំ: ជាការពិត ប្រសិនបើយើងសម្លឹងទៅមើលគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាយុទ្ធសាស្ត្រគោលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តតាមដើម្បីសម្រេចគោលដៅ។ យើងបានឃើញលោកលើកអំពី៥ចំណុច ដើម្បីជាទិសដៅសំខាន់។ ប៉ុន្តែខ្ញុំសូមជម្រាបជូនថា ប្រទេសកម្ពុជាយើងបានចុះកិច្ចពញរមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិនផង និងជាមួយប្រទេសកូរ៉េខាងត្បូងផង។
ខ្ញុំបានជួបជាមួយមន្ត្រីតំណាងរបស់ប្រទេសទាំង២ ដែលជាមន្ត្រីទូត។ ជាការពិតប្រទេសទាំង២ នៅក្នុងកិច្ចព្រមព្រៀងគឺគេមានពាក្យមួយដែលយើងគួរតែពិចារណាដែរគឺពាក្យថា ស្តង់ដារ។ ប្រសិនបើយើងនិយាយអំពីទំនិញកសិផល គឺកម្ពុជាយើងជាប្រទេសមួយកសិកម្មដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មដើម្បីរស់ ប៉ុន្តែវិស័យកសិកម្មរបស់យើងគឺជាវិស័យកសិកម្មមួយដែលអាចនិយាយបានជាវិស័យកសិកម្មតាមបែបយថាកម្ម មានន័យថាយើងមិនទាន់បានប្រើប្រាស់បច្ចកទេសទំនើប ដើម្បីមកបណ្តុះ មកវិនិយោគលើវិស័យកសិកម្មនៅឡើយទេ។
ជាការពិតយើងមានខ្លះដែរ តែនៅចំនួនមួយតិចតួចណាស់ បើប្រៀបធៀបជាមួយនឹងអ្វីដែលចិនកំពុងតែត្រូវការ និងអ្វីដែលកូរ៉េខាងត្បូងកំពុងតែត្រូវការ យើងមិនអាចដឹងបានថាស្តង់ដារប្រទេសផ្សេងមានលក្ខណៈបែបណានោះទេ។ ការបំពេញ ការគោរព ការប្រតិបត្តិតាមស្តង់ដារនោះ ក្នុងវិស័យកសិកម្មគឺជារឿងមួយលំបាកសម្រាប់កសិករកម្ពុជា ដូចនេះហើយខ្ញុំឃើញប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកបានលើកឡើងអំពីការជ្រើសរើសអ្នកជំនាញកសិកម្មតាមភូមិឃុំ ដើម្បីធ្វើវិស័យកសិកម្មគឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើយើងមានទិសដៅជាក់លាក់ក្នុងការនាំចេញវិស័យកសិកម្មក្នុងការពង្រឹងនូវសមត្ថភាពរបស់យើង យើងគួរតែយកគោលនយោបាយនោះមកផ្ទៀងផ្ទាត់គ្នា រវាងគោលនយោបាយ មន្ត្រីដែលយើងរើស តើមានភាពស៊ីគ្នាទៅនឹងអ្វីដែលយើងមាន និងចង់បានឬទេ។
ជាការពិត យើងមិនអាចបាន១០០% ប៉ុន្តែនោះគែជាកត្តាមួយនៃការចាប់ផ្តើម នោះក៏ជាធាតុផ្សំមួយនៃការចាប់ផ្តើមដែលធ្វើឱ្យគោលនយោបាយការបរទេស ការអភិវឌ្ឍន៍ ការពង្រឹងផ្ទៃក្នុងរបស់យើងឱ្យវាសាកសម និងដើរទៅតាមគន្លងដែលយើងបានបង្កើតរួចហើយ។ គឺមាននូវរឿងរ៉ាវច្រើន ប៉ុន្តែយើងបានសង្កេតឃើញថាសម្តេចនាយករដ្ឋមន្ត្រី លោកបានកំពុងតែចាប់ផ្តើមហើយ កំពុងតែចេញដំណើរ ប៉ុន្តែិនដឹងថាថ្នាក់ក្រោមបានចេញដំណើរឬនៅទេ។ សម្តេចលោកបានមានប្រសាសន៍ថា ប្រសិនបើលោកចេញដំណើរតែម្នាក់ឯងក៏មិនកើតដែរ ទាំងមន្ត្រីបច្ចេកទេស ទាំងមន្ត្រីជំនាញ អ្នកដែលត្រូវធ្វើការ អ្នកដែលអនុវត្តគោលនយោបាយត្រូវតែចចេញជាមួយលោក និងមាននូវការតាំងចិត្តឱ្យបានច្បាស់លាស់។
សំណួរទី២៖ បើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ យើងឃើញថាគោលនយោបាយសម្តេចនាយករដ្ឋមន្ត្រី លោកបានដាក់ចេញរួចទៅហើយ ប៉ុន្តែចំពោះការអនុវត្តផ្ទាល់ កម្ពុជាគួរតែដាក់ចេញបន្ថែមពីលើនូវអាទិភាពអ្វីដើម្បីឱ្យការអនុវត្តនោះមានប្រសិទ្ធិភាព និងប្រព្រឹត្តទៅដោយរលូន?
លោកបណ្ឌិត សឿន សំ: ខ្ញុំបានផ្ទៀងផ្តាត់មើលទៅ ខ្ញុំគិតថាគោលនយោបាយដែលយើងមានគឺយុទ្ធសាស្ត្របញ្ចកោណដែលមានស្រាប់គឺល្អណាស់ទៅហើយ ខ្ញុំគិតថាយើងមិនចាំបាច់មានស្អីបន្ថែមទៀតទេ។ អ្វីដែលយើងគួរបន្ថែមនោះគឺយន្តការតាមដានការអនុវត្តរបស់មន្ត្រីពាក់ព័ន្ធ ព្រោះច្បាប់យើងមាន យុទ្ធសាស្ត្រយើងមានហើយ នោះកម្លាំងចលករនៃការជំរុញការអនុវត្តគឺជារឿងមួយសំខាន់ ដែលយើងគួរតែមានការលើកទឹកចិត្តបែបណា ការដាក់ទណ្ឌកម្មបែបណាចំពោះអ្នកដែលបានអនុវត្តត្រឹមត្រូវ និងចំពោះអ្នកដែលមិនបានអនុវត្តត្រឹមត្រូវ ដែលនោះគឺជារឿងមួយសំខាន់ជាងព្រោះបើសិនកម្លាំងនៃអ្នក អនុវត្តមិនសូវជាបានយល់ច្បាស់អំពតួនាទី អំពីសមត្ថភាព អំពីភារកិច្ច និងជួនកាលមិនសូវជាបានយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាអំពីអ្វីដែលខ្លួនត្រូវធ្វើទេ គឺយុទ្ធសាស្រ្ត ឬ គោលការណ៍នោះវាអាចនឹងមិនបានជោគជ័យ ១០០% ឬ មិនបានជោគជ័យទៅតាមអ្វីដែលយើងចង់បាននោះទេ។
ដូចនេះ មានន័យថាយើងមិនចាំបាច់បង្កើតអ្វីបន្ថែមទៀតទេនៅក្នុងកាលៈទេសៈនេះ ប៉ុន្តែគួរតែមានយន្តការនៃការតាមដានការត្រួតពិនិត្យ និងការអនុវត្តរបស់បន្ត្រីពាក់ព័ន្ធ។ ខ្ញុំគិតថាការចូលរួមរបស់មន្រ្តី អ្នកជំនាញគ្រប់ផ្នែក ការលើកទឹកចិត្ត ជាពិសេសអ្នកដែលមានជំនាញ និងសមត្ថភាពនោះគឺជារឿងមួយសំខាន់ ព្រោះចៀសវាងការបំបាក់ទឹកចិត្តអ្នកដែលមានសមត្ថភាព មន្ត្រីជំនាញ ដោយសារតែការលំអៀង ឬ ការខ្វះខាតណាមួយ នោះក៏ជាកត្តាមួយដែលអាចរុញច្រានឱ្យការអនុវត្តនោះធ្វើតាមក្រោយដែរ ប៉ុន្តែបើយើងសួរថាគួរតែបង្កើតច្បាប់អ្វីទៀតឬអត់ ខ្ញុំថាមិនចាំបាច់នៅពេលនេះទេ ហើយយើងសម្លឹងមើលកត្តាពាក់ព័ន្ធផ្សេងៗនៅក្នុងសង្គម ទាក់ទងនឹងមន្ត្រី និងអ្នកជំនាញ ដែលទាមទារឱ្យថ្នាក់ដឹកនាំត្រូវតែយល់ដឹង និងយកចិត្តទុកដាក់។
——-
វាគ្មិន៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងតាមដានព្រឹត្តិការណ៍អន្តរជាតិ
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ