សហព័ន្ធកាយសម្ព័ន្ធ សម្រួចគោលដៅយុវជនវ័យក្មេង ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩
(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ចាប់ផ្តើមពង្រឹងគុណភាពធនធានគ្រូ កីឡាករ កីឡាការិនីវ័យក្មេងឲ្យបានល្អប្រសើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ខាងមុខ។
ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Academy in Aerobic level 1+Training Camp) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង គឺជាវគ្គដ៏មានសារៈសំខាន់ ដើម្បី កអភិវឌ្ឍធនធានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខ។
ឯកឧត្តមអគ្គលេខាធិការ បន្ថែមថា វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកនេះមានសិក្ខាកាម ២២នាក់ ក្នុងនោះស្រ្តី ៨នាក់ មកពី៤ រាជធានីខេត្តដូចជា ក្រចេះ កំពង់ចាម កំពង់ឆ្នាំង និងភ្នំពេញ ដែលវគ្គនេះជំរុញឲ្យគ្រូបង្វឹកមានចំណេះជំនាញច្បាស់លាស់ ជាពិសេសគឺកីឡាករ កីឡាការិនីវ័យក្មេងត្រូវការជំនាញច្បាស់លាស់ ដែលមានវ័យចាប់ពី៨ឆ្នាំ ឬក្រោម១៥ឆ្នាំ។
បន្ថែមលើនោះសហព័ន្ធនឹងពិនិត្យមើលលើគុណភាពរបស់កីឡាករ កីឡាការិនីក្រោមអាយុ១៥ឆ្នាំ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ កីឡាករ កីឡាការិនីកាយសម្ព័ន្ធ ដែលនឹងសម្រិតសម្រាំងទុកនេះនឹងមានវ័យក្រោម១៧ឆ្នាំ សម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី។ ការត្រៀមនេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីសម្រួចគោលដៅឆ្ពោះទៅរកជោគជ័យ ស្របតាមផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួនប្រកបដោយគុណភាព»។ ឯកឧត្តម ណយ ផាណា បានបន្ថែម។
វគ្គសិក្សា ដែលមានសិក្ខាកាមចំនួន ២២ នាក់ចូលរួមនេះកំពុងដំណើរការក្រោមការប្រើប្រាស់កញ្ចប់ថវិកាផ្នែកបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍធនធានកីឡាកីឡាកាយសម្ព័ន្ធ៕
ចាន់ វិចិត្រ