នាយករដ្ឋមន្ត្រីថៃ​បដិសេធថា លោកគ្មានបំណងតែង​តាំង​លោក ថាក់ស៊ីន ​ជា​ទីប្រឹក្សានោះទេ

ថៃ៖ នៅព្រឹកថ្ងៃអាទិត្យ​ទី​២៤ ខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បាននិ​យាយថា លោកមិនបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ី​ណាវ៉ាត្រា (Thaksin Shinawatra) ជាទីប្រឹក្សារបស់លោកនោះទេ។​

ថ្លែងទៅកាន់បណ្ដាអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានសុវណ្ណភូមិ អំឡុងពេលដែលលោកត្រឡប់មកពីសហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ស្រេតថា បានលើកឡើងថា ៖ «ប្រព័ន្ធផ្ស​ព្វ​ផ្សាយថៃបានបកស្រាយខ្លឹមសារខុស ជុំវិញការលើកឡើងរបស់ខ្ញុំ ពាក់ព័ន្ធនឹងលោក ថាក់ស៊ីន អំឡុងពេលដែលខ្ញុំបា​នផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក»។​

លោក​បាន​បញ្ជាក់​ថា នៅក្នុង​បទសម្ភាសន៍​នោះ លោក​គ្រាន់​តែ​និយាយ​ថា លោក​អាច​នឹងធ្វើការ​ពិគ្រោះយោបល់​ជា​មួយ​លោក ថាក់ស៊ីន ដូច​ដែល​លោក​ធ្លាប់បាន​ពិភាក្សា​ជាមួយ​នឹង​អតីត​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ៗទៀត​ដូចជា លោក អាណាន់ ប៉ាន់យ៉ារ៉ាឈុន (Anand Panyarachun) និងលោក សុំឆៃ វង្សសាវ៉ាត់ (Somchai Wongsawat) ជាដើម។ លោក​ក៏​បាន​ស្នើឱ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយទាំងអស់នោះ ធ្វើការ​ផ្ទៀងផ្ទាត់​​បទសម្ភាសរបស់លោកម្ដងទៀតផងដែរ។​

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «នេះជាលើកទីមួយហើយដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានបទពិសោធនៅថ្មីសន្លាងណាស់ពាក់ព័ន្ធនឹងរឿងនយោបាយ»។ លោកបានបន្ថែមថា លោកត្រៀមខ្លួនជាស្រេចក្នុងការស្វែ​ងរកនូវដំបូន្មានល្អៗពីអ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងផ្នែកនយោបាយ។​

លោក​បាន​ស្នើ​ឱ្យ​សារព័ត៌មាន​ថៃ​ កុំ​បកស្រាយ​អ្វី​ដែល​លោក​និយាយ​ខុសពីខ្លឹមសារដើម ព្រោះ​វា​អាច​បង្ក​ជាបញ្ហា​ ក៏ដូចជាការយល់ច្រឡំរបស់សាធារណៈជន។ លោកនាយក​រដ្ឋមន្ត្រីថៃរូបនេះក៏​បាន​សង្កត់ធ្ងន់ថា ៖ «​សូម​កុំ​បកស្រាយ​ខុស ហើយ​សូមព្យាយាម​ស្តាប់​នូវ​អ្វី​ដែល​ខ្ញុំបាន​និយាយ​»៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Thai PBS World PM denies appointing Thaksin as advisor

ads banner