មនុស្ស​ជាង ​១០ ​នាក់​ ស្លាប់​ក្នុង​​ឧបទ្ទវហេតុ​នៅ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​របស់​រដ្ឋ​​នៅ​ចិន​

ប៉េកំាង៖អាជ្ញាធរ​ក្នុង​តំបន់​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​ ភ្លើង​បាន​ឆាប​ឆេះ​ដោយ​សម្លាប់​កម្មករ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​​​យ៉ាង​ហោច​ណាស់​ ១៦ នាក់​ ​​ក្នុង​​ទីក្រុង​ Panzhou ​នៃ​ខេត្ត​ ​​Guizhou ​របស់​ប្រទេស​ចិន​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​​​ចិន​ Global Times។

​យោង​តាម​សេច​ក្តី​ថ្លែងការណ៍​​ពី​នាយកដ្ឋាន​សាធារណៈ​នៃ​ទីក្រុង​ Panzhou ​ឧបទ្ទវហេតុ​នេះ​ បាន​កើត​ឡើង​ប្រហែល​ម៉ោង​​ ៨ ព្រឹក​ ថ្ងៃ​អាទិត្យ​ នៅ​​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ Shanjiaoshu ​របស់​ក្រុម​ហ៊ុន​រដ្ឋ​ Guizhou Panjiang Refined Coal Co ដោយ​មាន​​មនុស្ស​ ១៦​ នាក់ ដែល​បាន​ស្លាប់​ ​​បាន​ជាប់​នៅ​ទីនោះ​។

ការ​ស៊ើប​អង្កេត​បឋម​បាន​បង្ហាញ​ថា​ ​ការ​ឆាប​ឆេះ​បាន​រាល​ដាល​ បន្ទាប់​ពី​ប្រអប់​ដឹក​ជញ្ជូន​ក្នុង​អណ្ដូង​រ៉ែ​បាន​ឆេះ​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​ ក្រុម​ជួយសង្គ្រោះ​បាន​ពន្លត់​ភ្លើង​រួច​រាល់​ ​ហើយ​សភាព​ការ​ស្ថិត​នៅ​ក្រោម​ការ​​​គ្រប់​គ្រងបាន​​ឡើង​វិញ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ​ក្រុម​ហ៊ុន​ប្រឹក្សា​ទំនិញ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ​ Mysteel  បាន​ឱ្យ​ដឹង​ថា​ អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ Panzhou ​បាន​ផ្អាក​ការ​ផលិត​រយៈ​ពេល​មួយ​ថ្ងៃ​។ ​

បន្ថែម​ពី​នេះ​ ក្រុមហ៊ុន Guizhou Panjiang Refined Coal Co​ ​បាន​បញ្ជា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៅ​គ្រប់​អណ្តូង​រ៉ែ​របស់​ខ្លួន​ ហើយ​បាន​ចាត់​វិធានការ​ ដើម្បី​ធានា​ដល់​ការ​ផលិត​ប្រកប​ដោយ​សុវត្ថិភាព​។​

គួរ​​​បញ្ជាក់​ថា​ ឧបទ្ទវហេតុ​ចុង​ក្រោយ​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​រអិល​បាក់​ដី​នៅ​​​​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​​​នៅ​ក្នុង​តំបន់​ម៉ុងហ្គោលី​ខាង​ក្នុង​ កាល​ពី​​ខែ​កុម្ភៈ ​ដែល​សម្លាប់​មនុស្ស​​​ចំនួន​ ៥៣​ នាក់​។​

កន្លង​មក​ អាជ្ញាធរ​ចិន​ បាន​ប្រកាស​វិធានការ​កែ​លម្អ​សុវត្ថិភាព​ក្នុង​វិស័យ​នេះ​ រួម​ទាំង​ការ​រឹត​បន្តឹង​លើ​​ការ​ជីក​យក​រ៉ែ​​លក្ខណៈ​តូច​ៗ​​ និង​ផែនការ​បង្កើ​ន​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​​ស្វ័យ​ប្រវត្តិកម្ម​ក្រោម​ដី៕

 ប្រែសម្រួល៖ហួន ឌីណា 
ប្រភព​៖ Sixteen killed in accident at state-owned coal mine in China’s Guizhou province

ads banner