ម៉ាក្រុង៖ បារាំងនឹងដកឯកអគ្គរដ្ឋទូត និងទាហានចេញពីប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារ
ប៉ារីស៖ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងឱ្យដឹងថា បារាំងនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដា ដែលទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលោក Mohamed Bazoum។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។
លោក ម៉ាក្រុង បាននិយាយក្នុងបទសម្ភាសន៍តាមទូរទស្សន៍ផ្សាយកាលពីថ្ងៃអាទិត្យថា ៖ «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់យើង។ នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងត្រឡប់មកបារាំងវិញ»។
លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធាបានចប់សព្វគ្រប់ហើយហើយកងទ័ពបារាំងចំនួន១ ៥០០ នាក់ ដែលឈរជើងនៅក្នុងប្រទេសនីហ្សេ នឹងដកខ្លួនចេញនៅក្នុងរយៈពេលប៉ុន្មានខែ និងសប្ដាហ៍ខាងមុខ ហើយនឹងដកខ្លួនអស់ទាំងស្រុងពីនីហ្សេនៅចុងឆ្នាំនេះ។
ការចាកចេញរបស់បារាំងនាពេលនេះ ធ្វើឡើងបន្ទាប់ពីរងសម្ពាធជាច្រើនសប្តាហ៍មកនេះ ពីក្រុមយោធា និងក្រុមបាតុករនៅនីហ្សេ ដែលទាមទារឱ្យបារាំងដកវត្តមានរបស់ខ្លួនពីនីហ្សេ។ មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងរដ្ឋធានី Niamey រួមទាំងនៅខាងក្រៅមូលដ្ឋានយោធាដែលដាក់ទាហានបារាំងផងដែរ។
ពួកសម្ព័ន្ធយោធានៃក្រុមមេដឹកនាំថ្មីរបស់នីហ្សេ ដែលបានទាមទារឱ្យបារាំងចេញពីប្រទេសរបស់ខ្លួនក្រោយលោកម៉ាក្រុង មិនទទួលស្គាល់រដ្ឋប្រហារកាលពីចុងខែកក្កដារបស់ខ្លួន បានស្វាគមន៍ការប្រកាសចុងក្រោយរបស់ប្រធានាធិបតីរូបនេះ។
ពួកគេនិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា៖«យើងអបអរជំហានថ្មីមួយឆ្ពោះទៅរកអធិបតេយ្យភាពរបស់នីហ្សេ។ នេះគឺជាពេលវេលាប្រវត្តិសាស្ត្រ ដែលនិយាយអំពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ប្រជាជននីហ្សេ»។
មេដឹកនាំយោធារបស់នីហ្សេ បានបញ្ចប់កិច្ចសហប្រតិបត្តិការយោធាជាមួយបារាំង បន្ទាប់ពីការធ្វើរដ្ឋប្រហារដោយអះអាងថារដ្ឋាភិបាលរបស់ លោក Bazoum មិនបានធ្វើសកម្មភាពគ្រប់គ្រាន់ដើម្បីការពារប្រទេសពីការបះបោរប្រដាប់អាវុធនៅភាគខាងលិចរបស់ប្រទេស។
ក្នុងទសវត្សរ៍ចុងក្រោយនេះ តំបន់សាហែល ដែលរួមមានម៉ាលី បួរគីណាហ្វាសូ និងនីហ្សេ បានក្លាយជាចំណុចកណ្តាលនៃអំពើហិង្សាដោយក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាម។
បណ្តាប្រទេសលោកខាងលិច បានចាប់ដៃគូជាមួយលោក Bazoum ដើម្បីទប់ទល់ឥទ្ធិពលដែលកំពុងកើនឡើងនៃក្រុមប្រដាប់អាវុធ ហើយបានផ្ដល់ជំនួយផ្សេងៗ រួមទាំងជំនួយផ្នែកយោធារាប់លានដុល្លារ ដើម្បីពង្រឹងកម្លាំងរបស់នីហ្សេ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ France to withdraw ambassador, troops from Niger after coup: Macron