៨២៦ថ្ងៃ ក្រុមហ៊ុននៅកម្ពុជាផលិតមាសបានជាង ៨ពាន់គីឡូ (Video Inside)

ក្រសួងរ៉ែ និងថាមពល បានថ្លែងថា គិតត្រឹមរយៈពេល ៨២៦ថ្ងៃ ដែលកម្ពុជាបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនោះមក, គេបានផលិតមាសបានជាង ៨ពាន់គីឡូក្រាម និងទទួលបានចំណូលជាង ១៣លានដុល្លារអាមេរិក។

យោងតាមអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែលោក អ៊ឹង ឌីប៉ូឡា កម្ពុជាបានចាប់ផ្តើមអាជីវកម្មរ៉ែមាសរបស់ខ្លួន តាំងពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ ការផលិតមាសបានចំនួន ៩១៩ដុំ របស់ក្រុមហ៊ុនចំនួន ៦ ដែលស្មើនឹងទម្ងន់ ៨ពាន់ ២៨៨គីឡូក្រាម គឺគិតត្រឹមថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។

ក្រុមហ៊ុនទាំង៦ ដែលបានធ្វើអាជីវកម្មរ៉ែមាសក្នុងប្រទេសកម្ពុជារួមមាន ក្រុមហ៊ុនរ៉ឺណេសង់ មី នីរ៉ល (Renaissance Minerals (Cambodia) Ltd) ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ ក្រុមហ៊ុន ស៊ីនសាន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង នៃខេត្ដព្រះវិហារ។ ក្រុមហ៊ុនឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ។ ក្រុមហ៊ុនរ៉ុង ឆេង Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ខេត្ដមណ្ឌលគិរី។ ក្រុមហ៊ុនស៊ីងយួន Xing Yuan ស្ថិតនៅតំបន់អូរត្រូន នៃខេត្តក្រចេះ និងក្រុមហ៊ុនទី៦ គឺក្រុមឡាទីឆេង ម៉ាយនីង ឌីវែឡុបម៉ិន ខូអិលធីឌី (LATE CHENG MINING DEVELOPMENT CO., LTD» ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំង៦នេះ គឺក្រុមហ៊ុន Renaissance Minerals រ៉ឺណេសង់ មីនីរ៉ល នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ដោយផលិតបានទម្ងន់ ៧ពាន់ ៨៤៦គីឡូក្រាម ខណៈ៥ក្រុមហ៊ុនទៀត ទទួលបានផលតិចតួចប៉ុណ្ណោះ៕

ads banner