នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងទស្សនកិច្ចកម្ពុជានៅថ្ងៃ២៨កញ្ញា (Video Inside)

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាក់វីស៊ីន គ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ។ សេចក្តីរាយការណ៍ពីប្រទេសថៃ បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃថ្មីនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយនឹងកម្ពុជា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ គ្រោងនឹងធ្វើនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

កម្ពុជា និងថៃ គឺជាប្រទេសដែលមានព្រំដែនគោក និងព្រំដែនទឹកជាប់គ្នា។ ព្រំដែនគោករវាងកម្ពុជា និងថៃ មានប្រវែង ៨០៣គីឡូម៉ែត្រ ដែលបច្ចុប្បន្នជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

ក្នុងដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ គ្រោងនឹងជួបពិភាក្សា លើការពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងថៃ។

គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូរចា ធ្លាប់បានជួបពិភាក្សាគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានយល់ព្រមគ្នាលើ ៨ចំណុច ក្នុងនោះរួមមាន ទី១ បន្តសហការគ្នារក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន, ទី២ ជំរុញកិច្ចសហប្រតិបត្តិការ និងវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទី៣ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍, ទី៤ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានដល់ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក, ទី៥ ជំរុញបន្តកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ ជាពិសេសសន្តិសុខនៅតាមព្រំដែន, ទី៦ ជំរុញបន្តកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ, ទី៧ ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់ទាំងផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវដែក រវាងប្រទេសទាំងពីរ និងទី៨ ជំរុញកិច្ចសហប្រតិបត្តិការ រួមគ្នាដោះមីនលើទីតាំង នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាជនរបស់ប្រទេសទាំងពីរ។

ads banner