ខុទ្ទកាល័យសម្តេចធិបតីសោកស្តាយការចោទប្រកាន់ខុសការពិត ជុំវិញការផ្សាយបដាអបអរសម្តេចធិបតីកណ្តាលក្រុងញូយ៉ក (Video Inside)

ការផ្សព្វផ្សាយរូបសម្តេចធិបតី ហ៊ុន ម៉ាណែត តាមផ្ទាំងបដា នាកណ្តាលក្រុងញូយ៉ក ដោយសារតែការគាំទ្ររបស់ពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមប្រឆាំងនៅក្រៅស្រុក ច្រណែននិន្ទា និងបានចោទថារាជរដ្ឋាភិបាល ចំណាយលុយខ្ជះខ្ជាយក្នុងការធ្វើបដានេះ។

គួរបញ្ជាក់ថាក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉កនោះ, ផ្ទាំងប៉ាណូនាកណ្តាលក្រុងញូយ៉ក បានផ្សាយអបអរសាទរសម្តេចធិបតី ដែលបានធ្វើទស្សនកិច្ចលើទឹកដីសហរដ្ឋអាមេរិក។

ផ្ទាំងប៉ាណូនោះ បានរំលេចរូបសម្តេចធិបតី ដែលកាលពី ២៤ឆ្នាំមុននេះ គឺជានិស្សិតខ្មែរលើកដំបូង ទទួលបានសញ្ញាបត្រចេញពីសាលាបណ្ឌិតសភាយោធា West Point ក្នុងរដ្ឋញូយ៉ក សហរដ្ឋអាមេរិក។

ប៉ុន្តែការផ្សាយបដាអបអរថ្នាក់ដឹកនាំរបស់ជាតិកម្ពុជានោះ បានធ្វើឱ្យក្រុមប្រឆាំង នៅក្រៅស្រុកច្រណែននិន្ទា និងខឹងសម្បារ។ ពូកគេបានចោទថារាជរដ្ឋាភិបាល បានរៀបចំធ្វើជាមួយការចំណាយខ្ជះខ្ជាយ។

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយបំភ្លឺវិញជាមួយការថ្លែងសោកស្តាយ ដោយសារតែការចោទប្រកាន់នោះខុសទទេ។ ខុទ្ទកាល័យក្នុងសេចក្តីបំភ្លឺព័ត៌មានថ្ងៃទី២៥ កញ្ញា បានសរសេរថា «ការរៀបចំផ្សាយបដានោះ មិនមែនជាការចាត់តាំងរៀបចំ ដោយរាជរដ្ឋាភិបាលឡើយ និងក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះផងដែរ»។

ខុទ្ទកាល័យ បានបញ្ជាក់ថាការផ្សព្វផ្សាយរូបសម្តេចធិបតីនោះ គឺផ្តើមចេញពីមនោសញ្ចេតនាទឹកចិត្តស្រឡាញ់ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ads banner