ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រសួងកំពុងជំរុញកិច្ចការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល ដែលលោករំពឹងថា នឹងជួយឲ្យសេដ្ឋកិច្ចរីកចម្រើនខ្លាំង បើធៀបនឹងសេដ្ឋកិច្ច ដែលពឹងលើកម្មពលកម្មសុទ្ធសាធ ឬហៅថាសេដ្ឋកិច្ចបែបប្រពៃណី។
 
ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហៅកាត់ថា CADT។
 
ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគគមន៍ កំពុងបន្ត ជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋាភិបាល ឬរដ្ឋាភិបាលឌីជីថល។
 
ឯកឧត្តមលើកឡើងថា ក្នុងរដ្ឋាភិបាលឌីជីថល វាចាំបាច់ណាស់ដែលស្ថាប័នរដ្ឋទាំងអស់ ត្រូវតែមានសេវាអ៊ីនធឺណេត និងសេវាទូរស័ព្ទប្រើឱ្យបានល្អ។ ចំនុចសំខាន់ទី២ គឺគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវមានអង្គភាពបរិវត្តកម្មឌីជីថល ដែលជាអង្គភាពជំនាញផ្នែកដាក់ចេញនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាអ្នកធ្វើបច្ចុប្បន្នភាព និងការពារទិន្នន័យដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។មិនត្រឹមតែប៉ុណ្ណោះនៅក្នុងអង្គភាពរដ្ឋត្រូវតែប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារួមដែលមានអាជ្ញាបណ្ណច្បាស់លាស់ ជំនួសការប្រើសម្ភារៈឬឧបករណ៍ឯកជន ដែលពិបាកគ្រប់គ្រងទិន្នន័យ។

ដើម្បីឱ្យកម្ពុជាអាចធ្វើបរិវត្តកម្មឌីជីក្នុងរដ្ឋាភិបាលបានជោគជ័យទៅតាមផែនការ ឯកឧត្តម រដ្ឋមន្រ្តី សញ្ចាក់បន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងរៀបចំផែនការមេនៅក្នុងក្រសួងនីមួយៗ ហើយនឹង ជួយសម្របសម្រួលគ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យដើរទន្ទឹម គ្នា និងអាចអនុវត្តកម្មវិធីឌីជីថលដំណាលគ្នា។ ការណ៍នេះនឹងជួយ ឱ្យការផ្តល់សេវាធុរកិច្ច និងសេវាសាធារណៈ ប្រព្រឹត្តិទៅបាន ឆាប់រហ័ស និងចំណេញពេលវេលា៕  

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner