ភ្ញៀវទេសចរចិន ទទួលការស្វាគមន៍បែប VIP ពីនាយករដ្ឋមន្រ្តីថៃ ក្រោមកម្មវិធីលើកលែងទិដ្ឋាការ

បាងកក៖ អ្នកទេសចរមកពីប្រទេសចិនមានចំនួនភាគរយច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចររបស់ប្រទេសថៃ នៅមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ ខណៈដែលវិស័យទេសចរណ៍រ៉ាប់រងប្រហែល ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។

ភ្ញៀវទេសចរចិនទទួលបាននូវការស្វាគមន៍ផ្ទាល់ខ្លួនពីនាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន នៅថ្ងៃទី២៥ ខែកញ្ញានេះ ខណៈពេលដែលពួកគេបានមកដល់ព្រលានយន្តហោះសុវណ្ណភូមិក្នុងទីក្រុងបាងកក ស្ថិតក្រោមកម្មវិធីលើកលែងទិដ្ឋាការថ្មី ដែលរដ្ឋាភិបាលថៃសង្ឃឹមថា នឹងជួយជំរុញដល់វិស័យទេសចរណ៍របស់ប្រទេសខ្លួន។

លោក សេតថា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្វីដែលសំខាន់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស គឺសុវត្ថិភាពរបស់ពួកគេ រាប់ចាប់ពីពេលដែលពួកគេជាន់លើទឹកដីថៃ រហូតដល់ពួកគេចាកចេញពីប្រទេសយើងត្រលប់ទៅផ្ទះវិញ។ កម្មវិធីលើកលែងទិដ្ឋាការរបស់ថៃ ត្រូវបានដាក់ឱ្យដំណើរការចំពេលថ្ងៃឈប់សម្រាកមានឈ្មោះថា “សប្តាហ៍មាស” ឬ “Golden Week” របស់ប្រទេសចិននៅក្នុងខែតុលា ហើយវានឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ទន្ទឹមគ្នា លោក សេតថា បាននិយាយថា ស្ថិតក្រោមកម្មវិធីលើកលែងទិដ្ឋាការ ការកក់សំបុត្រយន្តហោះមកកាន់ប្រទេសថៃបានកើនឡើង “១០ដង”។ លោក សេតថា បាននិយាយយ៉ាងដូច្នេះថា ថ្ងៃនេះ ជាថ្ងៃដ៏ល្អសម្រាប់ប្រទេសថៃ ហើយយើងសង្ឃឹមថា គោលនយោបាយផ្សេងទៀតរបស់យើង នឹងបន្តជួយជំរុញកំណើនសេដ្ឋកិច្ច៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner