ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ កូរ៉េខាងជើងបើកព្រំដែនទទួលភ្ញៀវបរទេសឡើងវិញ ក្រោយបិទរយៈពេល ៣ឆ្នាំ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា កូរ៉េខាងជើងនឹងអនុញ្ញាតឱ្យជនបរទេសចូលប្រទេសរបស់ខ្លួន គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញានេះតទៅ បន្ទាប់ពីបានបិទអស់រយៈពេល ៣ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

កូរ៉េខាងជើងបានបិទខ្ទប់ប្រទេសរបស់ខ្លួនពីពិភពខាងក្រៅ ចាប់តាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ នៅពេលដែលរដ្ឋដ៏ឯកោមួយនេះ បានបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយសូម្បីតែជនជាតិខ្លួននៅក្រៅប្រទេសក៏រារាំងមិនឱ្យចូលផងដែរ។ ដោយដកស្រង់សម្តីអ្នកសារព័ត៌មាន ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន CCTV បានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យជនបរទេសចូលទឹកដីប្រទេសរបស់ខ្លួន។

ទោះបីជាអនុញ្ញាតក៏ពិតមែន ប៉ុន្តែកូរ៉េខាងជើងក៏នឹងតម្រូវឱ្យអ្នកដំណើរទាំងអស់មកពីក្រៅប្រទេស បន្តដាក់ខ្លួននៅដាច់ដោយឡែករយៈពេលពីរថ្ងៃនៅពេលមកដល់។
យ៉ាងណាមិញ ទូរទស្សន៍រដ្ឋចិនមិនបានផ្តល់ព័ត៌មានបន្ថែម អំពីប្រភពដែលបានប្រកាសពីដំណឹងខាងលើនោះទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងក៏មិនទាន់បានរាយការណ៍ពីការបើកព្រំដែនឡើងវិញនៅឡើយដែរ។

ប៉ុន្តែដំណឹងនេះបានកើតមានឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាអាស៊ីនៅទីក្រុងហានចូវ ភាគខាងកើតរបស់ប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner