ទំហំពាណិជ្ជកម្មរុស្ស៊ី និងចិនកំពុងឆ្ពោះទៅរកគោលដៅបំបែកកំណត់ត្រានៅឆ្នាំ ២០២៣នេះ

ប៉េកាំង៖ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានរក្សាសន្ទុះយ៉ាងលឿនចាប់តាំងពីឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ ២០២២ ជាមួយនឹងការនាំចេញ និងការនាំចូលមានកំណើនដ៏រឹងមាំចាប់តាំងពីដើមឆ្នាំ ២០២៣។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់សេវាគយរុស្ស៊ី។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងចិន បានកើនឡើង ២៥ភាគរយ គិតចាប់តាំងពីខែមករា ដល់ខែសីហា បើធៀបនឹងឆ្នាំមុន។ ទិន្នន័យពីទីភ្នាក់ងារគយរបស់ប្រទេសចិនបានឱ្យដឹងនាពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទឹកប្រាក់ចំនួន ១៥៥.១ពាន់លានដុល្លារ គិតចាប់តាំងពីខែមករា ដល់ខែសីហាឆ្នាំនេះ។

រុស្ស៊ីនាំចេញទៅចិនភាគច្រើនជាផលិតផលថាមពល មានដូចជាប្រេង និងឧស្ម័ន ព្រមទាំងផលិតផលកសិ-ម្ហូបអាហារ និងផលិតផលឧស្សាហកម្ម។ រីឯចិននាំចេញទៅរុស្ស៊ីស្ទើរតែទំនិញគ្រប់ប្រភេទ រួមទាំងម្ហូបអាហារ គ្រឿងបរិក្ខារ ទូរស័ព្ទ គ្រឿងអេឡិចត្រូនិច ផលិតផលវិស្វកម្ម គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។

សូមរម្លឹកថា កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានកើនឡើងដល់ទឹកប្រាក់ ១៩០,៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានអះអាងដែរថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្រេចបានទំហំពាណិជ្ជកម្មលើសពី ២០០ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ហើយរំពឹងថា នឹងកើនឡើងដល់ ២៥០ពាន់លានដុល្លារប្រចាំឆ្នាំ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner