អាជ្ញាធរខេត្តមួយចំនួន កំពុង ត្រៀមរៀបចំកម្មវិធីកម្សាន្តនានាក្នុងពិធីប្រណាំងទូកនៅតាមខេត្តរបស់ខ្លួន
ភ្នំពេញ៖ លោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះខែ អកអំបុក ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តបានសម្រេចធ្វើពិធីប្រណាំងទូកក្នុងខេត្តស្ទឹងត្រែង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ពោលគឺមុនពិធីអុំទូកថ្នាក់ជាតិចូលមកដល់មួយសប្តាហ៍។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា គណៈកម្មការរៀបចំពិធីប្រណាំងទូកក្នុងខេត្តស្ទឹងត្រែង បានត្រៀមផែនការរួចរាល់ហើយ ដោយពីដំបូងអាជ្ញាធរខេត្តបានរៀបចំកែលម្អសោភ័ណភាព អនាម័យ បរិស្ថាននៅក្នុងក្រុង និងការរៀបចំពិនិត្យមើលទៅលើការចុះបញ្ជីទូកងនៅទូទាំងខេត្តដែលនឹងចូលរួមប្រកួត។
ក្រៅពីនេះទៀត នៅក្នុងពិធីប្រណាំងទូកខាងមុខនេះ អាជ្ញាធរខេត្តស្ទឹងត្រែងក៏មានរៀបចំកម្មវិធីមួយចំនួនដែលពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងការតម្តែងសិល្បៈផងដែរ ហើយនិងមានកម្មវិធីតាំងពិព័រណ៍ផលិតផលរបស់ប្រជាពលរដ្ឋ ការបាញ់កាំជ្រួច និងការប្រគំតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីបុណ្យនេះផងដែរ។
លោក ម៉ែន គង់ បានថ្លែងថា ៖ «ឆ្នាំនេះ យើងរំពឹងទុកថានឹងមានការចូលរួមច្រើនពីបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបណ្ដាខេត្តផ្សេងៗ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិមួយចំនួនដែរ»។
លោកបន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ ខេត្តស្ទឹងត្រែង ក៏បានត្រៀមលក្ខណៈរួចរាល់ ក្នុងការយកទូក «ង» ដែលមានឈ្មោះ «សេកុងសែនជ័យ បារមីព្រះអង្គធំ» ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិខាងមុននេះដែរ។
ជាមួយគ្នានេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងដែរថា មកដល់ពេលនេះ សម្រាប់ខេត្តកណ្ដាល បានរៀបចំចាត់ចែងគណៈកម្មការដែលត្រៀមរៀបចំពិធីប្រណាំងទូកនេះរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់មានការប្រជុំគ្នាទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍កម្សាន្ត និងការប្រព្រឹត្តទៅនៃពិធីប្រណាំងទូកនេះនូវឡើយទេ។
លោកថា ចំពោះការប្រព្រឹត្តទៅនៃពិធីប្រណាំងទូកនេះយ៉ាងណានោះ គឺត្រូវរង់ចាំការប្រជុំគ្នាសិន ដោយលោកសុំមិនទាន់ឆ្លើយតបទេ ដោយសារតែមិនទាន់មានលទ្ធផលសម្រចជាផ្លូវការនូវឡើយពីខាងគណៈកម្មការ។
លោក នូវប៉េង ច័ន្ទតារា បញ្ជាក់ថា ៖ «យើងនឹងមានត្រៀមកម្មវិធីទាំងអស់នោះដូចរាល់ឆ្នាំដែរ ប៉ុន្តែប្រហែលជាយើងកំណត់យកថ្ងៃចេញវស្សា ជាថ្ងៃចាប់ផ្ដើមពិធីប្រណាំងទូកនៅក្នុងកណ្ដាលយើងហ្នឹង»។
ដោយឡែក បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តនឹងមានការរៀបចំពិធីប្រណាំងទូក ង ក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវចាប់ផ្ដើមរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ នៅដងស្ទឹងពោធិ៍សាត់។
រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ៖ «ការរៀបចំពិធីប្រណាំងទូក ង ខេត្តពោធិ៍សាត់នេះ ជាការរួមចំណែកបង្កើត កម្មវិធីកម្សាន្ដសប្បាយរីករាយ តាមទំនៀមទម្លាប់ ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង»។
ប្រភពដដែលបានបន្ថែមថា ទន្ទឹមនេះរដ្ឋបាលខេត្តក៏សូមស្នើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងវត្តអារាមនានា ដែលមានទូក ង សូមត្រៀមលក្ខណៈចុះបញ្ជីឈ្មោះទូកជាមួយអនុគណៈកម្មការរៀបចំទូក និងបច្ចេកទេស ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតប្រជែង។
សូមរម្លឹកដែរថា អតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន កាលពីខែមិថុនាកន្លងទៅ បានប្រកាសថា នៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដ៏ធំ នៅរាជធានីភ្នំពេញ រួមនិងពិធីបុណ្យឯករាជ្យជាតិផងដែរ ដើម្បីអបអរខួបលើកទី ៧០ ឆ្នាំ នៃបុណ្យឯករាជ្យជាតិនេះ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសធារណៈថា ៖ “ខ្ញុំសូមបញ្ជាក់ទុកជាមុនថា បុណ្យធំៗនៅចុងឆ្នាំនេះ នឹងមាន ២ ទី១ គឺបុណ្យឯករាជ្យជាតិខួបលើកទី៧០ ឆ្នាំត្រូវធ្វើធំ។ ទី២ បុណ្យអុំទូក ត្រូវតែធ្វើធំ ព្រោះយើងខានធ្វើឆ្នាំមុន ដោយសារជាប់ប្រជុំអាស៊ាន “
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានណែនាំទៅអាជ្ញាធរ ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រៀមមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ដើម្បីការប្រណាំងទូក ការប្រគំតន្រ្តី ក៏ដូចជាការតាំងពិព័រណ៍នានាដែលតែងតែរៀបចំនៅពេលមានពិធីនេះម្តងៗ។
សូមជម្រាបថា បើយោងតាមប្រតិទិន ឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងរៀបចំនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ៕

ដោយ៖ជា សុខនី