មន្ត្រីសុខាភិបាល៖ ជំងឺហ្ស៊ីកា ឆ្លងតែប្រភេទមូសខ្លាតែមួយគត់ វាមិនអាចឆ្លងតាមការរួមភេទនោះទេ
ភ្នំពេញ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អះអាងថា ជំងឺហ្ស៊ីកា (Zika Virus) ឆ្លងតាមរយៈប្រភេទមូសខ្លាខាំតែមួយគត់ តែវាមិនអាចឆ្លងតាមរយៈការរួមភេទនោះទេ ។ប៉ុន្តែសម្រាប់ស្ដ្រីដែលមានផ្ទៃពោះ បើសិនឆ្លងជំងឺនេះ វាអាចប៉ះពាល់ដល់ជីវិតទារកបាន។
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃ២៥ ខែកញ្ញាថា ជំងឺហ្ស៊ីកា ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ឆ្លងមកមនុស្សបានតាមរយៈមូសខ្លាខាំតែមួយប្រភេទគត់ ដែលមានន័យថាមូសខ្លា ជាភ្នាក់ងារបង្កជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺហ្ស៊ីកា។
លោកអះអាងថា ៖ «ជំងឺហ្ស៊ីកា មិនអាចឆ្លងតាមការរួមភេទនោះទេ ។ដូច្នេះសូមប្រជាពលរដ្ឋ បន្តរក្សារស់នៅដោយមានអនាម័យ និងត្រូវប្រមូលសំរាមដែលអាចដក់ទឹកបាន ទៅកប់ ឬក៏ដុតចោល ហើយប្រសិនជាមាននរណាម្នាក់ មានអាការៈក្ដៅខ្លួន សូមប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យ»។
លោក លាង ឫទ្ធា ក៏បានលើកឡើងដែរដោយកុំឱ្យប្រជាពលរដ្ឋមានការបារម្ភខ្លាំងពេក ដោយសារជំងឺនេះមិនបានធ្វើឱ្យមនុស្សស្លាប់នោះទេ ក៏ប៉ុន្តែបើសិនជំងឺនេះ កើតចំពោះស្ដ្រីមានផ្ទៃពោះនៅត្រីមាសទី៣ គឺវាអាចធ្វើឱ្យទារកនោះមានខួរក្បាលតូច និងអាចស្លាប់ទៅវិញបាន។
លោក លាង ឫទ្ធា ថ្លែងថា ៖ « អ្វីដែលបងប្អូនជនរួមជាតិអនុវត្តការពារមិនឱ្យកើតជំងឺគ្រុនឈាមនោះ គឺមានន័យថាបងប្អូនបានការពារពីជំងឺដទៃផ្សេងទៀតដែរ ដូចជាជំងឺគ្រុនឈីក និងជំងឺហ្ស៊ីកានេះផងដែរ។ សូមប្រជាពលរដ្ឋកុំមានការបារម្ភខ្លាំងពេកចំពោះជំងឺនេះ»។
ចំណែក លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា កន្លងមកកម្ពុជា បានរកឃើញករណីជំងឺហ្ស៊ីកានេះចំនួន ៧ករណី ហើយនៅឆ្នាំ២០២៣នេះ គឺបានរកឃើញជំងឺហ្ស៊ីកានៅលើខ្លួនកុមារម្នាក់នៅក្នុងខេត្តកំពង់ធំ ដែលករណីនេះ លោកចាត់ទុកថាវាករណីលើកទី៨ហើយ។
លោកបន្តថា ក្រោយពីការរកឃើញករណីមួយនេះហើយ ក្រសួងបានសិក្សាស្រាវជ្រាវទៅលើកុមារដទៃទៀតដែលបានប៉ះពាល់ជាមួយកុមារដែលមានជំងឺហ្ស៊ីកានេះ ដោយយកមកធ្វើតេស្ត ក្នុងនោះបានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មន្ត្រីសុខាភិបាលនៅតែបន្តតាមដានជានិច្ច ដើម្បីធ្វើឱ្យប្រាកដថាពុំមានការរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
លោក លី សូវ៉ាន់ អះអាងថា ៖ «តាមការសង្កេតបឋម កុមារនេះមិនមានឪពុកម្ដាយទៅបរទេសនោះទេ ដូច្នេះហើយបានន័យថា វាជាករណីមួយដែលកើតនៅក្នុងរបស់ប្រទេសយើង ក៏ប៉ុន្តែយើងបានស្រាវជ្រាវបន្តទៀតលើកុមារដែលប៉ះពាល់ គឺអវិជ្ជមានទាំងអស់។ យើងក៏កំពុងសិក្សាទៅលើប្រភេទមូសទៀតដែរ»។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗ សូមបង្ការខ្លួនកុំឱ្យមូសខ្លាខាំ ដែលវាអាចការពារបានទាំងជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា និងរួមទាំងគ្រុនឈីកផងដែរ។ លោកក៏ណែនាំឱ្យប្រជាពលរដ្ឋត្រូវចេះអនាម័យជុំវិញលំនៅឋានរបស់ខ្លួន កុំឱ្យមានរបស់ដែលអាចដកទឹកបាន។
ទាក់ទងនឹងការរកឃើញជំងឺហ្ស៊ីកានេះ លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា តាមការប្រកាសរបស់ក្រសួង ខាងមន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយបន្តនៅតាមបណ្ដាស្រុកទាំងអស់នៅទូទាំងខេត្ត តាមរយៈមន្ត្រីដែលទទួលបន្ទុកធ្វើកិច្ចការងារនេះ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងបង្ការពីជំងឺហ្ស៊ីកា ពីព្រោះជំងឺនេះវាឆ្លងតាមរយៈមូសខ្លាខាំ ដូចនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកដែរ។
លោក គួយ ប៊ុនធឿន បញ្ជាក់ថា ៖ «យើងបានទទួលព័ត៌មានហ្នឹងភ្លាម គឺយើងបានណែនាំឱ្យមន្ត្រី ចុះទៅផ្សព្វផ្សាយនៅតាមមូលដ្ឋានសហគមន៍របស់ប្រជាពលរដ្ឋ ដើម្បីឱ្យគាត់យល់ដឹងពីវិធានការការពារ និងបង្ការពីជំងឺនេះ»។
លោកថា ក្រៅពីការផ្សព្វផ្សាយហើយ មន្ត្រីខេត្តបានជំរុញឱ្យពលរដ្ឋចេះអនាម័យជុំវិញលំនៅឋានរបស់ខ្លួនកុំឱ្យមានមូសខ្លារស់នៅជាដើម។
ដោយឡែក លោក លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានប្រាប់ដែរថា ជំងឺហ្ស៊ីកាជាជំងឺមួយដែលបង្កឡើងដោយមូសខ្លា ដូចទៅនឹងជំងឺគ្រុនឈាមដែរ ដែលបច្ចុប្បន្ននេះ ខាងមន្ទីរសុខាភិបាលរបស់លោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដូចគ្នាប្រយុទ្ធនឹងជំងឺហ្ស៊ីកាដែរ។
លោកបន្តថា ការប្រយុទ្ធប្រឆាំងនេះ ដូចជាការបាញ់ថ្នាំសម្លាប់សត្វមូស ការដាក់ថ្នាំអាប៊ែតនៅតាមពាងទឹករបស់ប្រជាពលរដ្ឋ និងមានអប់រំពលរដ្ឋឱ្យមានអនាម័យនៅជុំវិញលំនៅឋានជាដើម។
លោក គួង ឡូ បញ្ជាក់ថា ៖ « ជំងឺហ្ស៊ីកា និងជំងឺគ្រុនឈាម វាបង្កឡើងដោយមូសខ្លាតែមួយ។ ដូច្នេះការការពារជំងឺគ្រុនឈាមក៏ដូចជាការការពារជំងឺហ្ស៊ីកាដែរ»។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា បានប្រកាសរកឃើញកុមារីអាយុ ៧ឆ្នាំម្នាក់ ដែលមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឆ្លងជំងឺហ្ស៊ីកា ដែលជាករណីទី១ក្នុង ឆ្នាំ២០២៣នេះ៕



ដោយ៖ជា សុខនី