សភាពាណិជ្ជកម្មកម្ពុជា កំពុងបន្តសិក្សាពីនីតិវិធីក្នុងការនាំចេញផលិតផលកសិកម្មកែច្នៃរួចទៅសហរដ្ឋអាមេរិក

ភ្នំពេញ៖​ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បាននិង​កំពុងបន្តការងារសិក្សាពីនីតិវិធី និងលក្ខខណ្ឌនានា ក្នុងការនាំ​ចេញផលិតផលកសិ​កម្មដែលកែច្នៃរួចទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយនិង​ការ​ពិនិត្យមើលទីតាំងសម្រាប់ការរៀ​បចំ​ការតាំងពិ​ព័រណ៍ ​​ នៅក្នុងទីក្រុងឡុងប៊ិច នាខែវិច្ឆិ​កាខាងមុខ។

​លោក ហ៊ុន ឡាក់ សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈប្រតិភូស​ភា​ពាណិជ្ជកម្ម​ មិនទាន់បានវិលត្រឡប់មកកាន់កម្ពុជាវិញជាមួយនឹង​​សម្ដេចធិបតី​នាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​ទេ ដោយ​ត្រូវនៅ​បន្តនៅសហរដ្ឋ​អាមេរិកប៉ុន្មានថ្ងៃទៀត ដើម្បីធ្វើការ​សិក្សាឱ្យបានច្បាស់លាស់ពីគោលការណ៍​ និងនីតិវិធីនានា ក្នុងការនាំចេ​ញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់សហរដ្ឋអាមេរិក ខណៈដែលកន្លងទៅកម្ពុជានាំចេញភាគច្រើនទៅអាមេរិក ជាផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង និងផលិតផលធ្វើដំណើរ និងកង់ជាដើម។

លោកបានបញ្ជាក់បន្តថា ៖ «យើងនៅបន្ត ដើម្បីពិភាក្សាការងារមួយចំនួនទៀត ជាមួយខាងវិនិយោគិនអាមេរិក ព្រោះយើ​ងមានបំណងក្នុងការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចទៅកាន់អាមេរិក ។ដូចនេះយើងត្រូវសិក្សាពីលក្ខខណ្ឌ និងនី​តិវិធីមួយចំនួន ធ្វើយ៉ាងណាដើម្បីឱ្យយើងអាចនាំចេញផលិតផលកែច្នៃរបស់យើងមកទីផ្សាមួយនេះបាន»។

លោកបានបន្តថា ក្រៅពីការសិក្សាពីនីតិវិធី និងទីផ្សារហើយ ដោយមានការសម្របសម្រួលពីសហគមន៍ខ្មែរប្រចាំទីក្រុងឡុ​ង​ប៊ិច និងក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ប្រចាំសហរដ្ឋអាមេរិក នឹងមានការ​ពិនិត្យមើលទីតាំង សម្រាប់ការរៀ​ប​ចំ ​ការ​តាំងពិ​ព័រណ៍​និងជំនួប​ពាណិជ្ជកម្ម នៅក្នុងទីក្រុងឡុងប៊ិច នាខែវិច្ឆកាខាងមុខ។

លោក ហ៊ុន ឡាក់ បានបញ្ជាក់បន្ថែមថា ៖ «នៅក្នុងជំនួបពាណិជ្ជកម្ម​ និងការតាំងពិព័រណ៍ នៅទីក្រុងឡុងប៊ិច នាខែវិច្ឆិ​កា ខាងមុខនេះ ខាងវិនិយោគិនអាមេរិក គេចង់ឱ្យយើងដាក់តាំងផលិតផលកែច្នៃរួចរបស់កម្ពុជា ដែលមានសក្តានុពលនៅក្នុងព្រឹត្តិកាណ៍ ដើម្បីគេអាចស្វែងយល់បន្ថែមមុននឹងមានកិច្ចសហការជាមួយគ្នា»។

ទាក់ទិននឹងការទាក់ទាញអ្នកវិនិយោគអាមេរិកមកកម្ពុជាវិញ  ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រោយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយលោ​កបានបញ្ជាក់ថា នៅពេលដែលមានទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ លោកនាយករដ្ឋមន្រ្តី តែងតែរកផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា នៅក្នុងនោះនា​វេទិការធុរកិច្ចកម្ពុជា និងអាមេរិក នាពេលថ្មីៗនេះ គឺមានគោលដៅបន្តបញ្ចុះបញ្ចូ​ល​ធុរជនអាមេរិក វិនិយោគិន ឱ្យមកបន្តដាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់ថា ៖ «​ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ មានក្រុមហ៊ុនអាមេរិកមួយចំ​នួនកំពុងតែរកស៊ីនៅប្រទេសកម្ពុជា ដូចជា Ford , Coca Cola, ក្រុមហ៊ុន General Electricជាដើម ប៉ុន្តែមានចំនួនតិចនៅឡើយ។ ម្ល៉ោះហើយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តបញ្ចុះបញ្ចូលធុរជនអាមេរិក វិនិយោគិន ឱ្យមកបន្តដាក់ទុនវិនិយោគនៅកម្ពុជា»។

ឯកឧត្តមបានបន្តថា​ ទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងកាន់តែល្អប្រសើរឡើងថែមទៀត ប្រសិនណាកម្ពុជា និងអាមេរិក មា​ន​ផលប្រយោជន៍រួមកាន់តែធំ និងកាន់តែច្រើន ទោះជាផលប្រយោជន៍រួមសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ឬភូមិសាស្រ្តនយោបាយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាវេទិកាធុរកិច្ចកម្ពុជា និងអាមេរិក បានអះអាងដែរ​ថា ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត រាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ជាពិសេសលើកត្តាសំខាន់ៗចំនួនប្រាំមួយរួមមាន៖ ១.ការកែលម្អនីតិវិធីរដ្ឋបាល,២. ការកាត់បន្ថយបន្ទុកចំណាយលើការដឹកជញ្ជូននឹងឡូជីស្ទិក,៣.ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ និងស្ពាន កំពង់ផែ អាកាសយានដ្ឋាន ផ្លូវអយស្ម័យយាន និងការផ្គត់ផ្គង់អគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការសម្រួលពាណិជ្ជកម្ម, ៤ ការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញ ដែលនេះគឺជាកិច្ចការសំខាន់ ព្រោះធនធានមនុស្សគឺជាកត្តាគន្លឹះ ក្នុងកា​រទាក់ទាញនិងរួមចំណែកក្នុងដំណើរវិវត្តរបស់កម្ពុជា, ៥.ការកែលម្អអភិបាលកិច្ចល្អ និង៦.ការដាក់ចេញឱ្យអនុវត្ត នូវច្បាប់វិនិយោគបើការចំហរ និងទំនើប ដែលច្បាប់នេះ នឹងផ្តល់នូវការលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគប្រកបដោយគុណភាព និងវិស័យអាទិភាពមួយចំនួនដូចជា បច្ចេកវិទ្យា រថយន្ត​អេឡិចត្រូនិក ថាមពលបៃតង និងសុខាភិបាលជាដើម។

យោង​តាម​របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​នៅក្នុងរយៈពេល៨ ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា​ ជាមួយសហរដ្ឋអាមេរិកសម្រេចបានក្នុងទឹកប្រាក់ ៦ ២៧២ លានដុល្លារ ថយចុះ ៥,៦ ភាគរយ បើធៀបនឹងរយៈពេ​លដូចគ្នាក្នុងឆ្នាំ២០២២៕

ដោយ៖វណ្ណ សុជាតា

ads banner