រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ដែលត្រូវបានបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និងកុំព្យូរទ័រ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ។
ពិធីសម្ពោធវចនានុក្រមនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជាក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី, លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហ៊ាន សុខុម បានធ្វើបទបង្ហាញពីដំណើរការ នៃការរៀបចំវចនានុក្រមខ្មែរ ដោយលោកលើកឡើងថា ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេលប្រាំឆ្នាំ (២០១៨-២០២២) និងមានសមាសភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥ អង្គ/នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រ សេដ្ឋកិច្ច ជាដើម។
ភាសាតែងតែមានការវិវត្តជានិច្ច រយៈកាលជាងកន្លះសតវត្សគិតពីការបោះពុម្ពផ្សាយវចនានុក្រមខ្មែរលើកទី៥ ឆ្នាំ១៩៦៧-១៩៦៨ រហូតមកទល់នឹងពេលនេះ ពាក្យជាច្រើននៅមិនទាន់បានបំពេញបន្ថែមក្នុងវចនានុក្រមនៅឡើយ។ ដូច្នេះការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ ត្រូវធ្វើជាបន្តបន្ទាប់គ្មានទីបញ្ចប់។
លោកបានលើកឡើងទៀតថា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរផង និងដើម្បីស្របទៅតាមស្ថានភាពរបស់សង្គមខ្មែរ និងពិភពលោក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត ព័ត៌មានវិទ្យាក្នុងបរិបទសកលភាវូបនីយកម្មនេះផងដែរ។ ការរៀបចំធ្វើវចនានុក្រមនេះគឺជាការបន្តការយកចិត្តទុកដាក់ ស្រឡាញ់ និងថែរក្សាបុព្វបុរសគ្រប់ជំនាន់ និងបណ្តាពីបញ្ញវន្តជាទូទៅ ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាជាតិ បញ្ជាក់ឱ្យដឹងថា ៖ «វចនានុក្រមនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ហើយការបង្កើតជាទម្រង់ឌីជីថលបែបនេះ ធ្វើឱ្យចំណេញពេលវេលា ងាយស្រួលក្នុងការប្រើប្រាស់ផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀត។ ពាក្យដែលមានក្នុងវចនានុក្រមខ្មែរនេះ មានចំនួនសរុប ៤៤ ៦៩៧ ពាក្យ ។ក្នុងនោះ ការដាក់ជាមេពាក្យ មានចំនួន ៣១ ០៧ ៣ពាក្យ»។
លោកបានបញ្ជាក់ថា ៖ «ការរៀបចំវចនានុក្រមគឺក្នុងគោលដៅធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្មវចនានុក្រមខ្មែរសម្រាប់សុខដុមនីយកម្មក្នុងការប្រើប្រាស់ភាសាខ្មែរ។ គោលការណ៍នៃការធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរគឺត្រូវរក្សាទម្រង់ដើម»។
ក្រុមការងារបានខិតខំប្រឹងប្រែងប្រមូលពាក្យពេចន៍ទៅតាមលំដាប់ នៃពេលវេលាក្នុងឯកសារសរសេរនានា និងទៅតាមវិស័យ នៃការប្រើប្រាស់ពាក្យ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានបង្កើតមូលទិន្នន័យពាក្យខ្មែរដែលមាននៅក្នុងវចនានុក្រមកន្លងមក រួមទាំងពាក្យថ្មីៗទៀត មករក្សាទុកបញ្ចូលគ្នាសម្រាប់ជាឃ្លាំងរក្សាទុក ដែលអាចប្រើជាប្រយោជន៍ផ្សេងទៀត តាមតម្រូវការ។
ក្នុងការធ្វើបច្ចុប្បន្នកម្មវចនានុក្រមនេះដែរ លោក ហ៊ាន សុខុម ថា មានការជួបបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាធនធានមនុស្សមានកម្រិត ពេលវេលាមានកំណត់ ការរីករាលដាលនៃមេរោគកូវីដ១៩ ក៏ដូចជាខ្វះខាតខាងបច្ចេកទេសជាដើម។
ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងកោតសរសើរចំពោះរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាជាតិខ្មែរ ជាពិសេសគណៈកម្មការរៀបចំវចនានុក្រមដែលបានចូលរួមដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើឱ្យអក្សរសាស្ត្រជាតិខ្មែរមានតម្លៃជាប្រវត្តិសាស្ត្រ អាចបញ្ចេញជារូបរាងឡើងជាស្ថាពរ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «ការធ្វើបច្ចប្បន្នកម្ម និងទំនើបកម្មវចនានុក្រមខ្មែរ គឺជាការចាំបាច់ និងបន្ទាន់ ដើម្បីឱ្យអ្នកប្រើភាសា និងអក្សរសាស្ដ្រខ្មែរ មានសំណេរ អំណាន លើនិយមន័យគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់»។
ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ទាមទារឱ្យភាសាជាតិ មានការវិវត្ត និងរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ឱ្យបានគ្រប់គ្រាន់ និងសបូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងប្រសិទ្ធភាព តាមតម្រូវការអ្នកប្រើប្រាស់។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ៖ «ភាសា និងអក្សរសាស្ដ្រជាតិ គឺជាផ្នែកមួយនៃវប្បធម៌ អត្តសញ្ញាណ និងដួងព្រលឹងជាតិ ដូច្នេះការរៀបចំ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ចាំបាច់ និងបន្ទាន់ ក្នុងការអភិវឌ្ឍ និងអភិរក្សភាសាជាតិ ដែលធ្វើឱ្យសង្គមជាតិកាន់តែមានភាពរឹងមាំ»។
ជាមួយគ្នានោះដែរលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដែរថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា «ធនាគារខួរក្បាល របស់ជាតិ» ដោយស្ថាប័ននេះ បានប្រមូលផ្ដុំនូវបញ្ញវន្ដជាច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ដ្រ។
លោកបានបន្ដថា ៖ «ក្នុងបេសកកម្មរយៈពេលជាង ២០ឆ្នាំមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវ និងស្វែងរកធាតុចូលយ៉ាងច្រើន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ហើយបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ ជាមួយប្រទេសជាសមាជិកអាស៊ាន និងអាស៊ីប៉ាស៊ីភិច»។
សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពលើកដំបូងបំផុតកាលពីឆ្នាំ១៩៦៧-១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់ និងហៅថា «វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត»។
វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នាពេលនេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល៕


ដោយ៖គឹម យុត្ថារ៉ូ