កូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាដ៏កម្រជាមួយអ្នកការទូតជប៉ុន និងចិន

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងថា នៅថ្ងៃទី២៦ ខែកញ្ញានេះ កូរ៉េខាងត្បូងបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដ៏កម្រមួយ ជាមួយមន្រ្តីការទូតជាន់ខ្ពស់មកពីជប៉ុន និងចិន។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីនៅថ្ងៃអង្គារនេះ នឹងស្វែងរកកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសទាំងបី ដែលបានជាប់គាំងជាយូរមកហើយ។ កិច្ចប្រជុំកំពូលលើកចុងក្រោយ បានធ្វើឡើងក្នុងឆ្នាំ២០១៩។

ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលរបស់មេដឹកនាំផ្សេងទៀតមិនត្រូវបានធ្វើឡើងទេ ដោយសារតែជម្លោះការទូត និងប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងការគ្រប់គ្រងបែបអាណានិគមរបស់ប្រទេសជប៉ុនលើឧបទ្វីបកូរ៉េពីឆ្នាំ១៩១០-១៩៤៥។

កិច្ចចរចាត្រីភាគីរវាងមន្រីការទូតជាន់ខ្ពស់កូរ៉េខាងត្បូង ជប៉ុន និងចិន ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងបន្ធូរបន្ថយក្តីកង្វល់របស់ទីក្រុងប៉េកាំង ជុំវិញទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។

កាលពីខែសីហា មេដឹកនាំប្រទេសទាំងបីបាននិយាយថា ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីយ៉ាងជិតស្និទ្ធកំពុងចាប់ផ្តើម បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅឯមូលដ្ឋានទ័ព Camp David ក្នុងសហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner