ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីចំនួន២ ដែលមានទឹកប្រាក់១៤០លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន១៤០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីចំនួន២ រួមមាន៖
១-កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ – អនុកម្មវិធីទី២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ ២)ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ និង៣)ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០លានដុល្លាអាមេរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។

២-កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត – អនុកម្មវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះនឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្មប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។ កម្មវិធីនេះ គ្រោងនឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លាអាមេរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លាន ដុល្លាអាមេរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB។ ជារួម គោលបំណងនៃកម្មវិធីទាំង២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្តកាលពីពេលថ្មីៗកន្លងទៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែល ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ៤,៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តតម្រោង/កម្មវិធីចំនួន១៣៧ និងហិរញ្ញប្បទាន ឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨លានដុល្លារអាមេរិក សម្រាប់អនុវត្តតម្រោង/ កម្មវិធីចំនួន៧០។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងសេដ្ឋកិច្ច

ads banner