ប្រធាន​ក្រុម​អ្នក​កាសែត​ហុងកុង​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​រារាំង​ប៉ូលិស

ហុងកុង៖កាលពីថ្ងៃចន្ទ ម្សិលមិញ ប្រធានក្រុមអ្នកកាសែតឈានមុខគេនៅទីក្រុងហុងកុងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ថ្ងៃពីបទរារាំងមន្រ្តីប៉ូលិសកាលពីខែកញ្ញា ឆ្នាំមុន។ករណីនេះត្រូវបានអ្នករិះគន់មួយចំនួនមើលឃើញថាវាគឺជាការដាក់សម្ពាធបន្ថែមទៀតទៅលើសេរីភាពសារព័ត៌មាននៅទីក្រុងហុងកុងដែលជាទីក្រុងនៃមជ្ឈ​មណ្ឌល​​ហិរញ្ញវត្ថុដ៏សំខាន់មួយនៅលើពិភពលោក។​

លោក រ៉នសុន ចាន់ (Ronson Chan) ប្រធានសមាគមអ្នកកាសែតហុងកុង ត្រូវបានមន្ត្រីស្លៀកពាក់ស៊ីវិលពីរនាក់ចា​ប់ខ្លួន និងដាក់ខ្នោះដៃខណៈពេលដែលលោកកំពុងរាយការណ៍ព័ត៌មានមួយ។​ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់​លោក​មិន​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ទៅកាន់មន្ត្រីស្លៀកពាក់ស៊ីវិលទាំងពីរនាក់នោះ។​

លោក ចាន់ បាននិយាយថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយលោកបានពន្យល់នៅក្នុងតុលាការថា លោកបានស្នើសុំឱ្យប៉ូលិសទាំងពីរនាក់នោះបង្ហាញកាតប៉ូលិសផ្លូវការរបស់ពួកគេ មុនពេលដែលលោកផ្តល់ឱ្យពួកគេនូវឯកសារផ្ទាល់ខ្លួនរបស់លោក។ គួរដឹងដែរថា តាមច្បាប់ហុងកុង ពលរដ្ឋហុងកុងទាំងអស់ត្រូវតែកាន់នូវឯកសារសម្គាល់ខ្លួន ពោលគឺអត្តសញ្ញាណប័ណ្ណជាប់ខ្លួនជានិច្ច។​

អ្នកស្រីចៅក្រម លឿង កាកី (Leung Ka-kie) បានកាត់ក្ដីឱ្យលោក ចាន់ មានពិរុទ្ធភាព ដោយត្រូវបង់ផាកពិន័យជំ​នួសឱ្យការជាប់ពន្ធនាគារ ប៉ុន្តែលោកស្រីថា ការផាកពិន័យនេះមិនទាន់អាចបង្ហាញថាបទល្មើសនេះធ្ងន់ធ្ងរនោះទេ។ លោកស្រីក៏បានច្រានចោលជម្រើសដែលត្រូវឱ្យលោក ចាន់ ចូលបម្រើសេវាសហគមន៍ ដោយសារលោកស្រីគិតថា លោ​ក ចាន់ មិនបានបង្ហាញពីវិប្បដិសារីណាមួយនោះឡើយ។​

លោកស្រី លឿង បានអនុញ្ញាតឱ្យលោក ចាន់ បង់ប្រាក់ផាកពិន័យចំនួនជិត ៤ ពាន់ដុល្លារអាមេរិកដើម្បីអាចនៅក្រៅឃុំបាន ដោយសារតែមេធាវីរបស់លោកបាននិយាយថា លោកគ្រោងនឹងប្តឹងឧទ្ធរណ៍។ យ៉ាងណាក៏ដោយ លោក ចាន់ មិនអាចចាកចេញពីទីក្រុងហុងកុងបាននោះទេ ដោយលោកត្រូវប្រគល់ឯកសារធ្វើដំណើរចេញក្រៅប្រទេសទៅកាន់តុ​លាការទាំងអស់។​

បន្ទាប់​ពី​សវនាការរួច លោក ចាន់ បានថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​កាត់​ទោស​ឃុំ​ខ្លួន​លោកនោះ​ទេ។ លោក​បាន​បន្ត​ថា ៖ «​អ្នក​រាល់​គ្នាបាន​មើល​ឃើញ​ហើយថា​តើ​តុលាការមានទស្សនៈយ៉ាង​ណា​ចំពោះ​ករណី​នេះ​។​ ខ្ញុំ​គិត​ថា​យុ​ត្តិធម៌​គឺ​ស្ថិត​នៅ​ក្នុង​បេះដូងរបស់យើង»​។ គួរបញ្ជាក់ថា កាល​បរិច្ឆេទ​សម្រាប់​បណ្តឹង​ឧទ្ធរណ៍​មិន​ទាន់បាន​សម្រេច​នៅ​ឡើយ​ទេ។​

សមាគមអ្នកកាសែតហុងកុង គឺជាក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈដ៏សំខាន់ចុងក្រោយបង្អស់ប្រចាំនៅទីក្រុងហុងកុង ដែ​លតែងតែបានតស៊ូមតិលើសិទ្ធិជាមូលដ្ឋាន និងសេរីភាពសារព័ត៌មាន ជាពិសេសបន្ទាប់ពី​មានការអនុម័តច្បាប់សន្តិសុខជាតិដោយអាជ្ញាធរចិន កាលពីខែមិថុនា ឆ្នាំ២០២០។

រដ្ឋាភិបាលរបស់បណ្ដាប្រទេសលោកខាងលិចមួយចំនួនបានលើកឡើងថា ច្បាប់នេះមានភាពតឹងរ៉ឹង និងបានគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋហុងកុង។ ក្រុមប្រទេសទាំងនោះបានធ្វើការកត់សម្គាល់​ថា ​បន្ទាប់ពីទីក្រុងហុងកុង​ត្រូវ​បាន​អង់គ្លេសផ្ដល់សិទ្ធិគ្រប់គ្រង​ត្រឡប់​ទៅឱ្យប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ១៩៩៧ ទីក្រុងមួយនេះគួរតែជាទីក្រុងដែលមាន​ស្វ័យភាព ​និង​សេរីភាពពេញលេញ។​

យ៉ាងណាមិញ ក្រុមមន្ត្រីទីក្រុងប៉េកាំង និងហុងកុងបាននិយាយថា ច្បាប់នេះគឺចាំបាច់ណាស់ដើម្បីនាំមកនូវស្ថិរភាព បន្ទាប់ពីទីក្រុងមួយនេះត្រូវបានរង្គោះរង្គើដោយការចេញធ្វើបាតុកម្មរបស់ពលរដ្ឋហុងកុងអស់រយៈពេលជាច្រើនខែ ដើ​ម្បី​ទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៩៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia Head of Hong Kong journalists’ group sentenced to jail for obstructing police

ads banner