ភ្ញៀវទេសចរចិនទទួលបានការស្វាគមន៍ជាពិសេស ខណៈដែលថៃបានចាប់ផ្ដើមលើកលែងទិដ្ឋាការ
ថៃ៖កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣ម្សិលមិញ ភ្ញៀវទេសចរចិនដែលបានធ្វើការចុះចតនៅទីក្រុងបាងកក ត្រូវបានទទួលការស្វាគមន៍ជាពិសេស ដោយមានលោកនាយករដ្ឋមន្ត្រី ស្រេថា ថាវីស៊ីន ជាអ្នកជួបស្វាគមន៍ដោយផ្ទាល់ ដោយសារតែពួកគេជាភ្ញៀវទេសចរនៃជើងហោះហើរដំបូងដែលបានទៅដល់ប្រទេសថៃបន្ទាប់ថៃបានសម្រេចមិនទាមទារទិដ្ឋាការចំពោះជនជាតិចិន ក្នុងគោលបំណងដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ថៃកាន់តែប្រសើរឡើង។
អំឡុងពេលដែលភ្ញៀវទេសចរទាំងនោះបានចុះទៅដល់ព្រលានយន្តហោះភ្លាម គេសង្កេតឃើញមានអ្នករាំរបាំក្នុងឈុតប្រពៃណីថៃ និងអ្នកសម្ដែងបានធ្វើការប្រគុំតន្ដ្រីស្វាគមន៍ភ្ញៀវទាំងអស់នោះ ដែលបានធ្វើដំណើរក្នុងជើងហោះហើរមកពីទីក្រុងសៀងហៃ។ បន្ថែមលើនេះ មនុស្សម្នាជាច្រើនក៏បានធ្វើការសុំថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ស្រេថា ផងដែរ។
វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់របស់ប្រទេសថៃដែលជាប្រទេសសេដ្ឋកិច្ចធំទី២នៅអាស៊ីអាគ្នេយ៍ និងដែលត្រូវបានគេស្គាល់ថាជាប្រទេសដែលមានឆ្នេរដ៏ស្រស់ស្អាត និងជីវិតពេលរាត្រីដ៏រស់រវើក។ ការស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត របស់លោក ស្រេថា ដែលទើបនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
យ៉ាងណាក៏ដោយ វិបត្តិសេដ្ឋកិច្ចនៅប្រទេសចិនបន្ទាប់ពីវិបត្តិកូវីដ១៩ បាននាំឱ្យមានការធ្លាក់ចុះនៃភ្ញៀវទេសចរចិនដែលធ្លាប់ធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ដូច្នេះហើយ លោក ស្រេថា សង្ឃឹមថា ការលើកលែងមិនទាមទារយកទិដ្ឋាការពីជនជាតិចិន អាចជួយដោះស្រាយបញ្ហានេះបាន។
លោកនាយករដ្ឋមន្ត្រីថៃរូបនេះបានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានសុវណ្ណភូមិថា ៖ «យើងមានទំនុកចិត្តថា គោលនយោបាយនេះនឹងជំរុញសេដ្ឋកិច្ចថៃឱ្យកាន់តែរីកចម្រើន»។ លោកក៏បានបន្ថែមថា «សុវត្ថិភាពភ្ញៀវទេសចរគឺជាអាទិភាពដែលយើងត្រូវយកចិត្តទុកដាក់»។
គួរបញ្ជាក់ថា គោលនយោបាយលើកលែងទិដ្ឋាការនេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនចំនួន ២,៨៨ លាននាក់ក្នុងអំឡុងពេល ៥ ខែនៃការលើកលែងទិដ្ឋការនេះ ពោលគឺខ្ពស់ជាងបន្តិចនូវចំនួនជនជាតិចិនដែលបានទៅទស្សនានៅប្រទេសថៃនៅឆ្នាំនេះ ដែលមានចំនួន ២,៣៤ លាននាក់។
អ្នកទេសចរចិន លោក ហ្គូ ស៊ីយី (Gu Siyi) អាយុ ២៥ ឆ្នាំដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃជាលើកដំបូងជាមួយមិត្តភក្តិរបស់លោកបាននិយាយថា «ការលើកលែងទិដ្ឋាការនេះបាននឹងកំពុងជួយទាក់ទាញភ្ញៀវទេសចរថ្មី ដោយសារតែវាមានភាពងាយស្រួលក្នុងការចេញចូល»។ លោកបានបន្តថា ៖ «ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងនៅប្រទេសថៃក្នុងថ្ងៃឈប់សម្រាករបស់ពួកគេ ព្រោះវាពិតជាមានភាពងាយស្រួលណាស់»។
គួររំឭកថា មុនពេលវិបត្តិកូវីដ១៩ ប្រទេសចិនគឺជាប្រភពនៃអ្នកទេសចរដ៏ធំបំផុតសម្រាប់ប្រទេសថៃ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៩ មានអ្នកទេសចរជិត ៤០ លាននាក់បានទៅលេងប្រទេសថៃ ហើយក្នុងនោះ ១១ លាននាក់មកពីប្រទេសចិន។ គួរបញ្ជាក់ថា ភ្ញៀវទេសចរចិនចំនួន ១១ លាននាក់នោះបានចំណាយប្រាក់ក្នុងដំណើរកម្សាន្តរបស់ពួកគេអស់សរុបចំនួន ៥៣ ប៊ីលានដុល្លារអាមេរិកនៅក្នុងប្រទេសថៃ។
អ្នកទេសចរចិនភាគច្រើននិយាយថា ពួកគេចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ ដោយសារតែប្រទេសនេះមានឆ្នេរស្អាតៗជាច្រើន និងមានអាហារឆ្ងាញ់ៗ។ លោក យ៉ឺ វៃហឺ (Ye Weihe) អាយុ ៥៣ ឆ្នាំបាននិយាយថា «ផ្លែឈើនៅទីនេះគឺអស្ចារ្យណាស់ ជាពិសេសផ្លែទុរេន»។ គួរដឹងដែរថា គិតមកទល់ពេលនេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរចំនួន ១៩ លាននាក់ហើយ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters Chinese tourists get VIP welcome as Thai visa waiver programme begins