អេហ្សីបនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែធ្នូ ខណៈលោក Sisi ត្រូវបានគេរំពឹងថានឹង​ជាប់ឆ្នោតសាជាថ្មី

គែរ៖ប្រទេស​អេហ្ស៊ីប​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ​២០២៣ខាងមុខនេះ​​។ ​ក្នុ​ងនោះ លោក​ប្រធានាធិបតី Abdel Fattah al-Sisi ត្រូវបានគេរំពឹងថានឹង​ឈ្នះ​ការបោះឆ្នោត​នាអាណត្តិថ្មីនេះបន្តទៀត បើទោះជាប្រទេស​កំពុង​​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែលចេញពិវិបត្តិ​អតិផរណា និងរំហូរនៃ​រូបិយប័ណ្ណ​​បរទេស​ក៏ដោយ​។​

លោក ស៊ីស៊ី ដែលមានអាយុ ៦៨ឆ្នាំទៅហើយនោះ នៅតែ​អាចឈរឈ្មោះសម្រាប់អាណត្តិ​ទីបី​ដោយសារតែ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងឆ្នាំ​២០១៩ ដែលបានពង្រីករយៈ​ពេលកាន់​អំណាច​របស់ប្រធា​នាធិបតី​ពី៤ឆ្នាំ ទៅជា៦ឆ្នាំ ដែលមានន័យថាប្រធានាធិបតីរូបនេះនឹងត្រូវកាន់ អំណាច​យ៉ាង​ហោចណាស់រហូតដល់ឆ្នាំ ២០៣០។​​

ដោយឡែក គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេស​អេហ្ស៊ីបបាននិយាយថា លទ្ធផលបោះឆ្នោតនឹងត្រូ​វប្រកាស នៅថ្ងៃទី១៨ ខែធ្នូ ។រីឯលទ្ធផលនៃជុំផ្តាច់ព្រ័ត្រ អាចនឹងត្រូវប្រកាសនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២​០២៤។​

ជាមួយគ្នានេះ បើទោះបីជាលោក ស៊ីស៊ី មិនទាន់បានប្រកាសជាផ្លូវការនូវបេក្ខភាព​របស់លោក​ក៏ដោយ ក៏គ​ណបក្សដែលគាំទ្ររដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការប្រកូកប្រកាស ជុំវិញទីក្រុង Cairo ដើម្បីជំរុញការឈ​រឈ្មោះបោះឆ្នោតរបស់លោកក្នុងអាណត្តិថ្មីនេះ។

សម្រាប់អាណត្តិនេះ បេក្ខជនបួនរូបផ្សេងទៀតក៏បានបង្ហាញពីចេតនាចង់ឈរឈ្មោះដែរ ក្នុងនោះ​មាន​​បេ​ក្ខជនមួយរូបដែលលេចធ្លោជាងគេ គឺអតីតសមាជិកសភាលោក Ahmed Eltantawy។​​

គួររំលឹកថា លោក ស៊ីស៊ី ជាបេក្ខភាពឈ្នះឆ្នោតតាំងតែពីការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៤ និង ២​០១៨ ជាមួយនឹងលទ្ធផល ៩៧%នៃសន្លឹកឆ្នោត។ ក្នុងការក្លាយខ្លួនជាប្រធានាធិបតីនាពេល នោះគឺដោ​យសារចលនាប្រឆាំងជាមួយនឹងលោកអតីតប្រធានាធិបតី Mohamed Morsi ដែលមានចំណែកធ្វើឱ្យ​អេហ្ស៊ីបប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច កង្វះថាមពល កង្វះសន្តិសុខ និងវិបត្តិការទូត។

យ៉ាងណាមិញ អាត្រាអតិផរណារបស់អេហ្សីបកំពុងឈានដល់ ៣៧ ភាគរយ ជាចំនួនមួយដ៏ច្រើន​លើសលប់ ខណៈដែលអាត្រាអតិផរណាទូទៅរបស់អេហ្សីបគឺត្រឹមតែ ៩.៦២% រាប់ចាប់ពីឆ្នាំ ១៩៥៨ មក​។ ​

ការកើនឡើងនៃអាត្រាអតិផរណានេះ គឺដោយសារតែការធ្លាក់ចុះខ្សោយនៃរូបិយប័ណ្ឌជាតិ ដែល​បច្ចុប្បន្នប្រា​ក់ ៣០ ផោនអេហ្ស៊ីបស្មើនឹង ១ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងពេលដែល លោក ស៊ីស៊ី ឡើងកាន់អំ​ណាច ប្រាក់១ដុល្លារអាមេរិក គឺប្រហែលនឹង៧ផោនអេហ្សីប។​

ក្នុងឆ្នាំ ២០២៣នេះដែរ បំណុលអន្តរជាតិរបស់ប្រទេសនេះគឺជិត ១៦៣ ពាន់លានដុល្លារ ខណៈដែលបំណុលសរុបរបស់​អេហ្សីបត្រូវបានព្យាករណ៍ថានឹងឈានដល់ជិត ៩៣ ភាគរយ​នៃផលិតផលក្នុងស្រុកសរុប​៕​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ Egypt to vote for president in December, Sisi expected to win

ads banner