ក្រសួងមហាផ្ទៃកម្ពុជាកំពុងពិនិត្យសេចក្តីព្រាង លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយនីហ្សេរីយ៉ា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជាកំពុងពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់(MoU) ស្ដីពីកិច្ចសហប្រ តិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃនីហ្សេរីយ៉ា ដែលអនុវត្តតាមស្មារតីជំនួបរវាងអតីតរដ្ឋមន្ត្រីមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាដែលបានរៀបចំសេចក្តីព្រាងបឋមរួចនាពេលកន្លងទៅនេះ។
យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ ការពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីអគ្គនាយករង អគ្គលេខាធិការរង អនុប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផង។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_16-03-48-1024x682.jpg)
ឯកឧត្តម អ៊ូច ចាន់ណូរ៉ា បានធ្វើការត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុស្សរណៈ នេះ ក្នុងន័យបន្តស្មារតីសេចក្តីព្រាងបឋមជុំវិញកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា-នេហ្សេរីយ៉ា ដែលសម្រេចឡើងពីជំនួបរវាងលោកស្រី Folakemi I.Akinleye ឯកអគ្គរដ្ឋទូត វិសាមញ្ញនៃនីហ្សេរីយ៉ា និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ជាដំណើរល្អក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដូចកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ជាមួយនីហ្សេរីយ៉ានេះជាដើម ដែលជាការបើកច្រកការអនុវត្តច្បាប់រវាងប្រទេសទាំង២។
លោក យង់ ពៅ បន្តថា ៖ «កិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ នេះ នឹងផ្តល់គុណប្រយោជន៍ដល់ប្រទេសទាំងសងខាង ពាក់ព័ន្ធច្បាប់អន្តោប្រវេសន៍ ច្បាប់ឧក្រិដ្ឋកម្មឆ្លងដែន ចរាចរណ៍គ្រឿងញៀន សព្វាវុធ និងបញ្ហាផ្សេងៗទៀត។ ការគិតគូរទុកជាមុន ជារឿងសំខាន់ ដើម្បីមានមូលដ្ឋានច្បាប់ក្នុងការធ្វើការរួមគ្នា»។
ទោះបីកម្ពុជា និងនីហ្សេរីយ៉ានៅឆ្ងាយពីគ្នាក្តី លោក យង់ ពៅ គាំទ្រការចុះអនុស្សរណៈយោគយល់ផ្នែកអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃប្រទេសទាំង២ ដើម្បីអាចធ្វើការរួមគ្នាបានរហ័សទាន់ពេលវេលា នៅពេលជួបប្រទះបញ្ហានៅគ្រាណាមួយក្នុងពេលខាងមុខ។
គួររំឭកថា នៅក្នុងជំនួបរវាងសម្ដេចក្រឡាហោម ស ខេង និងលោកស្រី Folakemi I.Akinleye កាលពីឆ្នាំ២០២២ ភាគីទាំង២ បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំង២ ជាពិសេសលើការងារសន្តិសុខ ឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្ម៕
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_16-03-47-1024x677.jpg)
ដោយ៖សំបាន ច័ន្ទដារ៉ា