មន្ត្រីជាន់ខ្ពស់៖ ការវែកញែករឿងមូលដ្ឋានទ័ពរាមគួរត្រូវបិទបញ្ចប់ ខណៈកម្ពុជាបានបញ្ជាក់ប្រាប់ពិភពលោករួចជាស្រេច
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងថា ការវែកញែករឿងមូលដ្ឋានយោធារាមនៅខេត្តព្រះសីហនុ គួរត្រូវបិទបញ្ចប់ចាប់ពីពេលនេះទៅ ខណៈកម្ពុជាតាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ប្រាប់អន្តរជាតិថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅទឹកដីខ្លួនដែលផ្ទុយពីរដ្ឋធម្មនុញ្ញជាតិនោះឡើយ។
ការលើកឡើងរបស់លោកបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_18-20-05.jpg)
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រើប្រាស់សុន្ទរកថានាឯមហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូងដោយបញ្ជាក់ទៅកាន់ពិភពលោកថា កម្ពុជាប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត្យ ហើយកម្ពុជាបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជាឡើយ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថ្លែងថា ៖ «រឿងរ៉ាវជជែកគ្នាជុំវិញមូលដ្ឋានយោធារាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ពេលនេះគួរតែបញ្ចប់ ។ត្រូវតែចប់ ។ពីព្រោះនេះជាលើកទី១បង្អស់ នៅលើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាតាមរយៈសម្តេចធិបតី ប្រកាសជាចំហរទៅកាន់ពិភពលោក ដោយយកពិភពលោកជាកសិណសាក្សី ។មិនអាចមានទៅរួចទេ នូវមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា»។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_18-20-07.jpg)
ឯកឧត្តមសង្កត់ធ្ងន់ថា បើសិនប៉ុន្មានឆ្នាំខាងមុខ កម្ពុជាអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសណាមួយនៅលើទឹកដីខ្លួនមែននោះអព្យាក្រឹត្យភាពរបស់កម្ពុជានឹងត្រូវបានរលាយ ហើយពាក្យសម្តីថ្លែងសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិនាខែកញ្ញា ឆ្នាំ២០២៣ នេះក៏នឹងត្រូវរលាយដូចគ្នា។
ឯកឧត្តមបានបន្ថែមថា ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរតម្កល់ផលប្រយោជន៍ជាតិជាធំលើនយោបាយការបរទេស ពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម បើកទ្វារ បើកបេះដូង។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គាំទ្រការប្រកាសនៅលើវេទិការបស់មហាសន្និបាតអង្គការសហប្រជាជាតិពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាជុំវិញការមិនអនុញ្ញាតឱ្យមានមូលដ្ឋានបរទេសលើទឹកដីកម្ពុជានេះ ដែលនេះជាការបញ្ជាក់ជំហរជាផ្លូវការនៅលើឆាកអន្តរជាតិ ប៉ុន្តែលោកថា លោកខាងលិចនឹងនៅតែមិនអស់ចិត្តលើរឿងនេះនោះទេ។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_18-20-09-1024x631.jpg)
ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងជាអ្នកតាមដាននយោបាយមួយរូបដែរ យល់ឃើញថា ជារឿងល្អដែលកម្ពុជាប្រកាសជំហរជាអន្តរជាតិ ប្តេជ្ញាមិនឱ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន ដែលលោកយល់ថា ជាកិច្ចសន្យាចំហសម្រាប់ប្រទេសផ្សេងៗទៀតដែលព្រួយបារម្ភរឿងនេះ។
លោកបន្តថា លោកខាងលិចចេះតែទទូច និងព្រួយបារម្ភជុំវិញលទ្ធភាពមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជាដោយសារកន្លងទៅរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងស្និទ្ធស្នាល និងស្អិតល្មួតជាមួយចិន ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយចេះតែកើនឡើង ដែលមិនអាចចៀសរួចពីការសង្ស័យ។
លោកសង្កត់ធ្ងន់ថា ៖ «បើយើងចង់លុបបំបាត់ការសង្ស័យ យើងធ្វើយ៉ាងណាឱ្យមានតម្លាភាព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនាក់ទំនង ហើយគួរផ្លាស់ប្តូរឥរិយាបថនយោបាយមួយចំនួនជាមួយបណ្តាប្រទេសលោកខាងលិច»។
គួររំឭកថា កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងចិនបានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម នាខេត្តព្រះសីហនុ ដែលការសាងសង់នេះនៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ព្រមទាំងមានបចេ្ចកទេសសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_18-20-13-1024x595.jpg)
ប្រធានបទជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា នៅតែមានភាពចម្រូងចម្រាសក្នុងរង្វង់មតិអន្តរជាតិ ជាពិសេសរវាងសម្ព័ន្ធមិត្តអាមេរិក និងកម្ពុជា បន្ទាប់ពីកម្ពុជាសម្រេចវាយកម្ទេចអគារមួយដែលជាជំនួយរបស់អាមរិកនៅមូលដ្ឋានទ័ពរាមនេះកាលពីខែតុលា ឆ្នាំ២០២០។
ចាប់ពីពេលនោះមកសហរដ្ឋអាមេរិកបានចោទកម្ពុជាថា បានប្រគល់សិទ្ធិផ្តាច់មុខនៃមូលដ្ឋានទ័ពរាមឱ្យទៅចិន ខណៈដែលរដ្ឋាភិបាលកម្ពុជា និងចិនបានបដិសេធជារឿយៗចំពោះការចោទប្រកាន់នេះ និងខណៈដែលតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា មិនអនុញ្ញាតឱ្យបរទេសណាមួយដាក់មូលដ្ឋានទ័ពខ្លួននៅលើទឹកដីកម្ពុជាបានឡើយ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា