ក្រុមហ៊ុនកំពង់ផែកោះកុង៖ កំពង់ផែកោះកុង នឹងជួយដល់កំណើននៃការដឹកជញ្ជូនកសិផលរវាងកម្ពុជា និងចិន
កោះកុង៖ កំពង់ផែកោះកុង ឬកោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលជាផែឯកជនមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញពីក្រៅប្រទេស ជាពិសេសការដោះដូរទំនិញពីប្រទេសចិន។
ដាក់ឱ្យដំណើរការសាកល្បងនូវ កំពង់ផែកោះកុងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយនាថ្ងៃបើកដំណើរការសាកល្បងនោះក៏មានវត្តមាននាវាដឹកទំនិញមួយគ្រឿងបានចូលមកចតផងដែរ។ កំពង់ផែនេះ មានជម្រៅទឹក១១,២ម៉ែត្រ និងអាចចតនាវា ដែលមានទំងន់ចាប់ពីមួយម៉ឺនតោនឡើងទៅ ចំនួនពីរគ្រឿង ក្នុងពេលតែមួយ។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-38-55.jpg)
លោក កាវ លាំង ប្រធានក្រុមហ៊ុនកំពង់ផែកោះកុង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា កំពង់ផែកោះកុងរបស់ក្រុមហ៊ុនលោកនេះ បានធ្វើឱ្យការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីភាពរីកចម្រើនគ្រប់ផ្នែកវិស័យ និងមានការសហការដ៏រឹងមាំរវាងប្រទេសទាំងទ្វេ។
លោកបានបន្ថែមថា កំពង់ផែនេះ ត្រូវសាងសង់ឡើងបីដំណាក់កាល ដោយនេះជាការបើកដំណើរការសាកល្បងនេះ ស្ថិតនៅក្នុងដំណាក់កាលទី១ នៅឡើយទេ ដែលដំណាក់កាលទី១ សាងសង់នៅលើផ្ទៃប្រមាណ៧០ភាគរយ នៃផ្ទៃដីសរុប១៥ហិកតារបស់ក្រុមហ៊ុន។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-38-51.jpg)
លោក កាវ លាំង បានបញ្ជាក់ថា ៖ «ការពិតយើងត្រូវសាងសង់បីដំណាក់កាល តែបច្ចុប្បន្នយើងទើបតែធ្វើរួចក្នុងដំណាក់កាលទី១ទេ ។ការបើកសាកល្បងនេះ គឺដើម្បីស្ទង់ស្ទាបមើលថាតើ ការដំណើរការនៅមានការខ្វះចន្លោះត្រង់ណាខ្លះ ដើម្បីក្រុមហ៊ុនមានការកែលម្អបន្ថែម។ យើងមានដៃគូស្រាប់នៅប្រទេសចិន ។ដូចនេះនៅពេលដែលយើងបើកដំណើការសាកល្បងនេះ ច្បាស់ណាស់ សកម្មដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែមមាញឹក»។
លោកបានបន្ថែមថា កំពង់ផែនឹងជួយសម្រួលបានច្រើន ចំពោះការដឹកជញ្ចូនទំនិញដោយផ្ទាល់ទៅមករវាងប្រទេសចិន ព្រោះថាកន្លងមកការដឹកជញ្ជូនរបស់កម្ពុជា និងចិន ត្រូវឆ្លងកាត់ប្រទេសជិតខាង និងត្រូវចំណាយច្រើន។
«កំពង់ផែកោះកុង នឹងជួយបានច្រើន ដោយសារនាវាដឹកជញ្ជូនទំនិញមិនបាច់ឆ្លងកាត់ផែប្រទេសជិតខាងទេ គឺយើងអាចដឹកជញ្ជូនទៅមកប្រទេសចិន ដោយផ្ទាល់តែម្តង ចំណេញច្រើន។ មិនត្រឹមតែប៉ុណ្ណឹងទេ ទំនិញដែលឆ្លងកាត់កំពង់ផែនេះ ភាគច្រើនជាផលិតផលកសិកម្ម ដូចនេះខ្ញុំរំពឹងថា កសិផលរបស់កសិករយើងអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បានច្រើន»។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-38-58.jpg)
បើតាមប្រធានក្រុមហ៊ុននេះ ដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនក្នុងប្រទេស នឹងនាំចេញទំនិញកសិផលរបស់កម្ពុជាទៅកែច្នៃ និងនាំចេញបន្តទៅអឺរ៉ុប តាមរយៈខ្សែរថភ្លើង ដោយភាពងាយស្រួលនេះ អាចទាក់ទាញការវិនិយោគបន្ថែមលើវិស័យកសិកម្ម ពីសំណាក់វិនិយោគិនចិនមកកម្ពុជា។
ចំណែក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទិននឹងវិស័យដឹកជញ្ជូននេះ មានកាន់តែច្រើន កាន់តែប្រសើរ ជាពិសេសតាមការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានតម្លៃធូរជាងគេ ក្នុងចំណោមមធ្យោបាយដឹកជញ្ជូនទាំងអស់។
លោកបានបញ្ជាក់ថា ៖ «ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញច្រើន ម្យ៉ាងវាមិននាំឱ្យមានការខូចខាតផ្លូវផ្នល់ ដូចការដឹកជញ្ជូនតាមផ្លូវគោកនោះទេ។ ខ្ញុំគិតថាវាជាការល្អមួយដើម្បីឱ្យមានការផ្សារភ្ជាប់រវាងប្រទេសនៅលើសកលលោក ក៏ដូចជាការនាំចូលពីប្រទេសដទៃមកកម្ពុជា ជាពិសេសការដឹកជញ្ជូនទៅមករវាងប្រទេសជិតខាង ជាមួយកម្ពុជាយើង»។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-38-53.jpg)
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង នាពិធីកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បងនូវ «កំពង់ផែកោះកុង» នោះបានថ្លែងថា កំពង់ផែកោះកុង នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ៤៨ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់ភ្ជាប់ពីក្រុងខេមរភូមិន្ទទៅកាន់ផ្លូវជាតិលេខ៤ (កំពុងដំណើរការជួសជុលកែលម្អ លើកកម្ពស់គុណភាព)។
សូមជម្រាបថា កំពង់ផែកោះកុង ឬកោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ត្រូវបានរដ្ឋបាលខេត្តកោះកុង ចាត់ទុកថា កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) ដែលមានសមត្ថភាពផ្ទុក និងផ្ទេរទំនិញរាប់ម៉ឺនតោនក្នុង ១ ឆ្នាំៗ។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-38-57.jpg)
សូមរម្លឹកដែរថា កាលខែមិថុនា ឆ្នាំ២០២៣នេះ ខេត្តកោះកុង ក៏ទើបតែដាក់ឱ្យដំណើរការកំពង់ផែដងទង់ មានតម្លៃជាង១២ពាន់លានរៀល មានទីតាំងស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងចលនាដើម្បីលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់នេះ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំងបួននៃកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន៖ កម្ពុជា ថៃ និងវៀតណាម៕ ដោយ៖ វណ្ណ សុជាតា