វៀតណាមប្រឆាំងនឹងចិន ចំពោះការដាក់កន្លែងកំណត់អត្តសញ្ញាណកប៉ាល់នៅប្រជុំកោះប៉ារ៉ាសែល

ហាណូយ៖ ប្រទេសវៀតណាមបានប្រឆាំងចិន ចំពោះការដំឡើងកន្លែងកំណត់អត្តសញ្ញាណកប៉ាល់ដោយស្វ័យប្រវត្តិនៅប្រជុំកោះប៉ារ៉ាសែល (Paracel) ដោយហៅវាថា ជាការរំលោភលើអធិបតេយ្យភាព។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ VnExpress។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា៖ «ការដំឡើង និងប្រតិបត្តិការរបស់ចិនលើកន្លែងកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិរបស់កប៉ាល់ចំនួនពីរនៅ North Reef និង Bombay Reef ក្នុងប្រជុំកោះប៉ារ៉ាសែលរបស់វៀតណាម គឺជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើកោះប៉ារ៉ាសែល»។

លោកស្រី Hang បានឆ្លើយតបទៅនឹងការរាយការណ៍លើបញ្ហានេះកាលពីខែកញ្ញា ដែលទូរទស្សន៍ជាតិចិនបានផ្សាយផងដែរថា វិធានការនេះនឹងដោះស្រាយបញ្ហានៃចំណុចដែលគេពិបាកត្រួតពិនិត្យតាមរយៈប្រព័ន្ធកំណត់អត្តសញ្ញាណដែនសមុទ្ររបស់ចិន ក្នុងតំបន់។

លោកស្រី Hang បាននិយាយថា ៖ «សកម្មភាពទាំងអស់នៅលើកោះប៉ារ៉ាសែល ដោយគ្មានការអនុញ្ញាតពីវៀតណាម បានរំលោភលើអធិបតេយ្យភាពរបស់វៀតណាម ហើយខុសទាំងស្រុង។ វៀតណាមស្នើឱ្យចិនគោរពឱ្យបានពេញលេញ នូវអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះប៉ារ៉ាសែល ហើយស្នើឱ្យប្រទេសនេះកុំឱ្យមានការរំលោភបំពានស្រដៀងគ្នានេះម្តងទៀត»។

គេមិនឃើញមានការប្រតិកម្មយ៉ាងណានៅឡើយទេ ពីក្រសួងការបរទេសចិនប្រចាំក្រុងហាណូយ។

គួរបញ្ជាក់ថា ចិនទាមទារដែនទឹកស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត ថាជាទឹកដីរបស់ខ្លួន ដែលធ្វើឱ្យមានជម្លោះជាមួយប្រទេសផ្សេងៗ រួមមានទាំងវៀតណាម និងហ្វីលីពីន។ ទន្ទឹមនឹងការទាមទារនេះ ចិនបានបង្កើតសកម្មភាពផ្សេងៗ រួមទាំងការធ្វើយោធាកម្ម និងដាក់ទូកនេសាទតាមបណ្ដាកោះ និងដែនទឹកជម្លោះផ្សេងៗ ដើម្បីពង្រឹងការអះអាងរបស់ខ្លួន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner