នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលជិត ១០០ករណីនៅក្នុងខេត្តរតនគិរី
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលជិត ១០០ ករណីនៅក្នុងខេត្តរតនគិរី ខណៈដែលថ្នាក់ដឹកនាំខេត្តនៅជាប់គ្នានោះ ក៏បានប្រកាសឱ្យអាជ្ញាធរ ចុះទៅអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួនពីជំងឺនេះ។
យោងតាមការប្រកាសឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី២៥ ខែកញ្ញាថា គិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា មន្ត្រីជំនាញបានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន ៩៣ករណី ក្នុងនោះមានស្រី ៥៧នាក់ នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-36-24-1024x485.jpg)
នាយកដ្ឋានដដែលបានឱ្យដឹងថា ករណីដែលផ្ទុះឡើងនេះ ដោយសារមានអ្នកភូមិចំនួន ៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាបានទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់នឹងភូមិប៉ក់តូចនេះ។
បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញា មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ថា ៖ «ករណីភាគច្រើននៃការរកឃើញជំងឺភ្នែកក្រហមនេះ គឺស្រាលទេ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ១៤ថ្ងៃ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក។ ដូច្នេះការឱ្យថ្នាំបន្តក់ ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ»។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-36-25-1024x485.jpg)
ប្រភពដដែលអះអាងថា ជំងឺភ្នែកក្រហមនេះ វាជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ឬចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម ឆ្លងតាមរយៈខ្យល់ដោយការក្អក ឬកណ្តាស់ ហើយនិងឆ្លងតាមរយៈការប៉ះពាល់របស់ ឬផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក។
វិធីការពារកុំឱ្យឆ្លងជំងឺភ្នែកក្រហមនេះ នាយកដ្ឋានបានលើកឡើងថា ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចៀសវាងប៉ះ ឬញីភ្នែក ចៀសវាងការប្រើប្រាស់របស់របររួមគ្នា និងចៀសវាងការប៉ះ ឬប្រើថ្នាំភ្នែកម្ខាងដែលឈឺ ទៅប្រើសម្រាប់ភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នា។
ទន្ទឹមនឹងនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងត្រូវរាយការណ៍ជាបន្ទាន់ បើឃើញកើតមានជំងឺនេះច្រើនក្នុងកន្លែងធ្វើការ សាលារៀន និងក្នុងសហគមន៍។
លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា ការផ្ទុះឡើងជំងឺផ្នែកក្រហមនេះ រកឃើញតែមួយភូមិនោះទេដែលមានប្រជាជនសរុបចំនួន ៣០០នាក់។ ក្នុងចំណោមប្រជាជនសរុបនេះ អ្នកកើតជំងឺភ្នែកក្រហម និងកំពុងសម្រាកទទួលការព្យាបាលមានជាង ៦០នាក់ ខណៈដែលអាជ្ញាធរ និងមន្ត្រីសុខាភិបាល បានចុះពិនិត្យ និងផ្ដល់ថ្នាំដល់អ្នកឈឺនៅក្នុងភូមិនេះរួចរាល់អស់ហើយ។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-26_23-36-22-768x1024.jpg)
លោកបានឱ្យដឹងទៀតថា ជំងឺភ្នែកក្រហមនេះ វាជាប្រភេទជំងឺឆ្លងតាមរយៈខ្យល់ និងការប៉ះពាល់គ្នា ប៉ុន្តែវាមិនមានករណីធ្ងន់ធ្ងរនោះទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ប្រសិនជាមិនបានព្យាបាលទាន់ពេលវេលានោះទេ គឺគ្រាន់តែប៉ះពាល់ទៅដល់ភ្នែក ប៉ុន្តែសម្រាប់អាយុជីវិត វាមិនបណ្ដាលឱ្យស្លាប់ឡើយ។
លោក លោក អ៊ុង រតនា បញ្ជាក់ថា ៖ «បើសិនជាយើងបណ្ដោយវា នោះគឺអាចរាតត្បាតទូលំទូលាយ។ ដូច្នេះហើយដោយសារយើងទទួលបានព័ត៌មានភ្លាម យើងចុះធ្វើសកម្មភាពភ្លាមៗផងដែរ។ ឥលូវនេះយើងអត់បានរកឃើញករណីជំងឺនេះនៅក្នុងភូមិណាទៀតទេ ដោយយើងបានណែនាំគាត់កុំឱ្យដើរទៅភូមិដទៃ ឱ្យគាត់ព្យាបាលនៅកន្លែង ហើយឱ្យគាត់អនាម័យ នោះអាចមួយសប្ដាហ៍ក្រោយ ឬ១០ថ្ងៃក្រោយ វាស្ងប់ស្ងាត់ហើយ»។
នៅកម្ពុជា ជំងឺភ្នែកក្រហមនេះ វាកើតមានរាល់ឆ្នាំ នៅរដូវរំហើយ ប៉ុន្តែពេលនេះ ជំងឺនេះ បែរជាកើតឡើងនៅរដូវវស្សា។ ដូច្នេះលោកមិនអាចទាន់ប្រាប់ថាមានមូលហេតុអ្វីនោះទេ បានជាជំងឺនេះមានការប្រែប្រួលបែបនេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ករណីជំងឺនេះ ក៏មិនមែនជាការនាំចូលពីក្រៅដែរ ពីព្រោះបើសិនជាការនាំចូលភាគីដែលនៅក្រៅ ប្រាកដជាធ្វើរបាយការណ៍មក ហេតុនេះវាមិនអាចនិយាយបានថាជំងឺនេះជាការនាំចូលពីក្រៅបានទេ។
ចំណែក លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏បានឱ្យដឹងដែរថា ក្រោយពីទទួលដំណឹងពីការរកឃើញករណីជំងឺភ្នែកក្រហមនៅក្នុងខេត្តរតនគិរីនេះខាងខេត្តមណ្ឌលគិរី លោកបានណែនាំទៅដល់ប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យទាំងអស់ ត្រូវចុះផ្សព្វផ្សាយទៅកាន់ប្រជាជនដែលនៅតំបន់ជាប់ខេត្តដែលរកឃើញជំងឺនេះ។
លោកប្រាប់ថា ការផ្សព្វផ្សាយអប់រំនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចេះហូបស្អាត រស់នៅស្អាត និងចេះសម្អាតដៃ លាងដៃឱ្យស្អាត បើកាលណាដៃកង្វក់ ហើយយកទៅជូតភ្នែក វាអាចនឹងមានហានិភ័យឆ្លងជំងឺ។
លោក ប៊ុន សួរ ថ្លែងថា ៖ «ខាងមណ្ឌលគិរី គឺបានផ្សព្វផ្សាយហើយ ដោយបានជំរាបជូនដល់ប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យទាំងអស់ ណែនាំឱ្យពលរដ្ឋយើងរស់នៅស្អាត ហូបស្អាត ជាពិសេសត្រូវលាងសម្អាតជាមួយសាប៊ូជាប្រចាំ។ អ៊ីចឹង! មានតែប៉ុណ្ណឹងទេដែលខាងខ្ញុំកំពុងធ្វើឥលូវនេះ»។
លោក ងី ម៉េង ឯកទេសចក្ខុរោគ បានលើកឡើងតាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថា ជំងឺភែ្នកក្រហមឆ្លង (Conjunctivitis or Pink Eye) ជាការរលាកភ្នាស «ស» នៃភ្នែក ភាគច្រើនបង្កដោយពពួកវីរុស ជាពិសេស Adeno Virus និងពពួកបាក់តេរី ដូចជា Staphylococcus aureus and staphylococcus។
លោកថា នៅប្រទេសកម្ពុជា គេសង្កេតឃើញច្រើនកើតមានឡើងនៅក្នុងចំណោមសិស្សសាលា និងនៅក្នុងសហគមន៍ ដែលមានអ្នកកើតជំងឺភ្នែកក្រហមឆ្លងនេះនៅរដូវភ្លៀង និងពេលខ្យល់ធា្លក់ពីជើង។ ជំងឺនេះមានលក្ខណៈរាតត្បាតក្នុងសហគមន៍ ដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកមានជំងឺភែ្នកក្រហមឆ្លង៕ ដោយ៖ ជា សុខនី