កូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំជាមួយជប៉ុន ចិន ដើម្បីសម្រាលកង្វល់ចិនជុំវិញទំនាក់ទំនងជាមួយអាមេរិក
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី ២៦ ខែកញ្ញា នេះ ទទួលធ្វើជាម្ចាស់ផ្ទះទទួលអ្នកការទូតជាន់ខ្ពស់មកពីប្រទេសចិននិងជប៉ុនដើម្បីរៀបចំកិច្ចប្រជុំត្រីភាគីដ៏កម្រមួយ ក្នុងគោលបំណងសម្រាលការព្រួយបារម្ភរបស់ទីក្រុងប៉េកាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រុងសេអ៊ូលនិងតូក្យូជាមួយវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តនឹងគ្នា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ប្រភពមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង។
កិច្ចប្រជុំនេះ ក៏មានគោលបំណងផងដែរលើការកំណត់ដំណាក់កាលសម្រាប់ការបន្តនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំប្រទេសទាំង៣ ដែលបានធ្វើឡើងចុងក្រោយបំផុតតាំងពីឆ្នាំ ២០១៩។ កិច្ចពិភាក្សាទាំងនោះ ត្រូវបានផ្អាកចំពេលមានជម្លោះផ្លូវច្បាប់ ការទូត និងពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូជុំវិញបញ្ហាទាក់ទងទៅ ការគ្រប់គ្រងរបស់ជប៉ុនលើឧបទ្វីបកូរ៉េចន្លោះពីឆ្នាំ ១៩១០-១៩៤៥។
ចាប់តាំងពីពេលនោះមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល និងនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា បានចាត់វិធានការដើម្បីជួសជុលទំនាក់ទំនង ហើយក្នុងខែសីហាឆ្នាំនេះ បានបើកកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ដោយសម្រេចបានការប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងលើវិស័យការពារជាតិ និងសន្តិសុខសេដ្ឋកិច្ច។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយប្រាប់រ៉យទ័រជាអនាមិកថា ប្រទេសចិនមានភាពសកម្មក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគី និងរៀបចំកិច្ចប្រជុំ ចាប់តាំងពីទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំងប្រែជាជូរចត់ក្នុងឆ្នាំ២០១៧ជុំវិញការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក THAAD នៅកូរ៉េខាងត្បូង។
មន្ត្រីដដែលនិយាយថា ៖ «ខ្ញុំប្រាកដថា គួរតែមានភាពមិនសប្បាយចិត្តខ្លះនៅខាងចិនទាក់ទងនឹងភាពជាដៃគូសន្តិសុខត្រីភាគីកាន់តែជិតស្និទ្ធរបស់យើងជាមួយសហរដ្ឋអាមេរិក និងជប៉ុន»។
លោកបន្តថា ៖ «វាហាក់បីដូចជាមានទស្សនៈថា ពួកគេ(ចិន)ត្រូវគ្រប់គ្រងទំនាក់ទំនងទ្វេភាគីឱ្យបានត្រឹមត្រូវជាមួយយើង ដោយសារតែពួកគេបានឃើញពីរបៀបដែលការប្រតិកម្មទៅនឹងបញ្ហាដាក់ពង្រាយ THAAD របស់ពួកគេ បានក្លាយជាបញ្ហា ហើយជំរុញឱ្យការប្រឆាំងចិនឈានដល់កម្រិតធ្ងន់ធ្ងរ»។
ជុំវិញបញ្ហានេះ លោក Tong Zhao សហការីជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Carnegie Endowment for International Peace បានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងទំនងជានឹងសម្លឹងមើលទៅលើការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មត្រីភាគី ដើម្បីទប់ទល់នឹងតុល្យភាពនៃយុទ្ធសាស្រ្តជាមិត្តរបស់សហរដ្ឋអាមេរិក ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបង្កើនទំនាក់ទំនង និងការសន្ទនាជាមួយទីក្រុងសេអ៊ូល និងតូក្យូលើបញ្ហាសន្តិសុខ និងការពារជាតិ។
លោកបានបន្ថែមថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានចំណាប់អារម្មណ៍ក្នុងការជៀសវាងជម្លោះ និងរក្សាទំនាក់ទំនងសន្តិសុខប្រកបដោយស្ថិរភាពជាមួយប្រទេសចិន ហើយទំនាក់ទំនងរបស់ទីក្រុងប៉េកាំងនឹងជួបបន្ថយល្បឿនកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃអង្គារនេះ មានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Byung-won អនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ជប៉ុន លោក Takehiro Funakoshi និងជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong។
ទន្ទឹមនឹងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ហើយការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំង៣៕ ប្រែសម្រួល៖ ហួន ឌីណា