សហភាពអឺរ៉ុប និងអង្គការអន្តរជាតិចំនួន៤ ជួយកម្ពុជាលើការអប់រំ អភិរក្ស និងលើកកម្ពស់ជីវភាពសហគមន៍តាមដងទន្លេសាប

ភ្នំពេញ៖ តាមរយៈកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអុកស្វាម អង្គការ Save the Children រួមជាមួយនឹងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយកម្ពុជាជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប។

កម្មវិធី CAPFISH ដែលជាកម្មវិធីផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា បានជួយពង្រឹងសហគមន៍នេសាទក្នុងខេត្តចំនួន ១០ ដែលក្នុងនោះខេត្តចំនួន ៦ ស្ថិតនៅតាមដងទន្លេសាប និងចំនួន ៤ ទៀតស្ថិតនៅបណ្តោយឆ្នេរ។ កម្មវិធីនេះផ្តោតលើការនេសាទប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ។

នាពេលថ្មីៗនេះគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណកម្មការតម្រង់ទិសកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាបន្នបានធ្វើទស្សនកិច្ចនៅតំបនបឹងទន្លេសាប។ ទស្សនកិច្ចនេះបានបង្ហាញអំពីការរីកចម្រើនរបស់គម្រោងនាពេលថ្មីៗទាក់ទិននឹងផ្នែកអប់រំ ការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប។

ក្នុងពេលទស្សនកិច្ចនោះ គណៈប្រតិភូបានជួបពិភាក្សាជាមួយសហគមន៍ សិស្សានុសិស្សថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សានិងរដ្ឋបាលថ្នាក់តំបន់នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ដែលជារមណីយដ្ឋានដ៏មានសារៈសំខាន់នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបដើម្បីស្វែងយល់អំពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍មូលដ្ឋាន។ គណៈប្រតិភូបានឃើញពីផលជាវិជ្ជមាននៃកម្មវិធីទៅលើការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ និងបានកោតសរសើរចំពោះកិច្ចសហការរួមគ្នានៃអង្គការពាក់ព័ន្ធ។

លោក ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖«ដំណើរទស្សនកិច្ចបានមើលឃើញពីភាពរីកចម្រើននៃគម្រោងទាំងនេះដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិ។ យើងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធ ហើយសូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប»។

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “កម្មវិធី EU CAPFISH នៅតែប្តេជ្ញាធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យជលផល និងការអភិរក្សបរិស្ថាននៅកម្ពុជា។ គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ធ្វើជាគំរូដល់ចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ការអនុវត្តល្អក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន”។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា តាមយៈគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចក្នុងតំបន់១ ដែលគាំទ្រដោយសហភាពអឺរ៉ុប អង្គការបានជួយដល់កុមារ ៥៨៣៣ នាក់ បង្កើតក្រុមសេដ្ឋកិច្ចបៃតងចំនួន ១៤ ដែលបានជាប្រយោជន៍ដល់គ្រួសារចំនួន ១៧៣៩ និងបង្កើតបណ្តាញអេកូទេសចរណ៍ធម្មជាតិ បឹងទន្លេសាបដើម្បីជួយសហគមន៍នេសាទបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។

ក្នុងនោះ លោក អាលីស្ទែរ ម៉ូល នាយកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ទៀតថា គម្រោងទន្លេសាបនេះបានកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមអនុវត្តដំណោះស្រាយល្បាតដោយប្រើប្រាស់បច្ចេកវិទ្យាអភិរក្ស ដូចជាកម្មវិធី SMART សម្រាប់ល្បាត និងការរាយការណ៍ ការចូលរួមក្នុងសកម្មភាពបន្សាំអាកាសធាតុដូចជា វេទិកាស្រូវប្រកបដោយនិរន្តរភាព ការគ្រប់គ្រងភ្លើងព្រៃនិងការដាំដើមឈើឡើងវិញសម្រាប់ការអភិរក្សផ្នែកជលផលជាដើម ដែលទាំងនេះបានចូលរួមកាត់បន្ថយការនសាទខុសច្បាប់នៅក្នុងខេ្តចំនួន ៥ ជុំវិញបឹងទន្លេសាប ។

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោងបង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើត បឹង ទន្លេសាប (GREEN) បានបង្កើនលទ្ធភាពសហគមន៍ចំនួន ៦៤៧ គ្រួសារក្នុងការទទួលបានទឹកស្អាត និងអនាម័យ និងសម្ភារៈសិក្សាសម្រាប់សិស្សប្រមាណជាង ៤៥០០នាក់៕

អត្ថបទដោយ ៖ ញ៉ែម សុផល
កញ្ញា សាន ស្រីនិច
AMS Eco

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner