ប្រមុខអង្គការសហប្រជាជាតិចាត់ទុកការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ជារឿងឆ្កួតលីលា និងបង្កគ្រោះមហន្តរាយដល់ពិភពលោក

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស នៅថ្ងៃទី២៦ ខែកញ្ញានេះ បានព្រមានប្រឆាំងនឹងការរត់ប្រណាំងអាវុធបរមាណូថ្មីមួយ ដែលនឹងនាំឱ្យមានការគំរាមកំហែងនៃការបំផ្លិចបំផ្លាញដល់ពិភពលោក។

ស្របពេលដែលប្រទេសមានអាវុធនុយក្លេអ៊ែរកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានអំពាវនាវឱ្យមានការជំរុញឡើងវិញ ដើម្បីកាត់បន្ថយ និងលុបបំបាត់អាវុធប្រល័យលោក។

លោក ហ្គូទែរេស បានប្រាប់មហាសន្និបាត នៃអង្គការសហប្រជាជាតិ នៅថ្ងៃចុងក្រោយនៃសម័យប្រជុំប្រចាំឆ្នាំថា ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរថ្មីដ៏គួរឱ្យព្រួយបារម្ភកំពុងចាប់ផ្តើម និងថា ចំនួនអាវុធនុយក្លេអ៊ែរអាចកើនឡើងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។

លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា រាល់ការប្រើអាវុធនុយក្លេអ៊ែរណាមួយ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងក្នុងបរិបទណាក៏ដោយ នឹងបង្កជាគ្រោះមហន្តរាយមនុស្សជាតិ ហើយថា ទង្វើនេះគឺជារឿងឆ្កួតលីលា ដូច្នេះយើងត្រូវតែបញ្ឈប់វា។

ការព្រមានរបស់លោក ហ្គូទែរេស ខាងលើ បានកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកដែលជាគូប្រជែងថា បានជំរុញឧបទ្វីបកូរ៉េ ខិតទៅជិតគែមនៃសង្គ្រាមនុយក្លេអ៊ែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner