សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ជំនួបនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបបញ្ជប់ដំណើរអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្រោមមូលបទចម្បងសម្រាប់កិច្ច ពិភាក្សាក្នុងឆ្នាំនេះ គឺកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា» នាពេលថ្មីៗនេះ ។

ក្រៅតែពីការអញ្ជើញថ្លែងសុន្ទរកថា សម្ដេចធិបតី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក។ ជំនួបនេះ សហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

តាមរយៈលទ្ធផលនៃជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងនាមសម្តេចជាមេដឹកនាំថ្មីរបស់កម្ពុជា ព្រមទាំងជម្រាបពីគោលនយោបាយអភិវឌ្ឍន៍ដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលថ្មី។ បន្ថែមពីលើនោះ ក៏មានការជជែកពីការពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner