អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ នៅរមណីយដ្ឋានប្រាសាទកោះកេរ
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរនៅថ្ងៃទី២៩ ខែកញ្ញា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា អាជ្ញាធរជាតិព្រះវិហារចេញសេចក្តីជូនដំណឹងនេះ មិនមែនហាមមិនឱ្យភ្ញៀវទេសចរចូលទស្សនានោះទេ គឺគ្រាន់តែផ្អាកមួយរយៈពេលខ្លី ត្រឹមតែមួយព្រឹកនៅថ្ងៃទី ២៩ ខែកញ្ញាដែលជាថ្ងៃប្រារព្វកម្មវិធីបួងសួងប៉ុណ្ណោះ។ កម្មវិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរស និងព្រះមហាក្សត្រដែល បានកសាងប្រាសាទនេះ ដើម្បីរក្សាទុកដល់កូនខ្មែរជំនាក់ក្រោយ រហូតដល់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយកម្មវិធីបួងសួងនេះ ស្ថិតនៅក្នុងកម្រិតរាជរដ្ឋាភិបាលដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ដែលតាមការគ្រោងទុកនឹងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក គង់ ពុទ្ធិការ បានថ្លែងឱ្យដឹងទៀតថា មុនពេលចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាជាហូរហែ ប៉ុន្តែនៅក្រោយពេលដែលត្រូវបានចុះបញ្ជីចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកទល់បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចាប់អារម្មណ៍ និងមកទស្សនា មានចំនួនច្រើនគួរឱ្យកត់សម្គាល់។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ អាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ បានរៀបចំពិធីទូងស្គរ អបអរសាទរប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។

ពិធីនេះធ្វើឡើងនៅក្នុងបរិវេណប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ អាជ្ញាធរស្រុកគូលែន មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមានចំនួន៦០០នាក់ និងនៅរមណីយដ្ឋានប្រាសាទព្រះវិហារមានប្រមាណជិត២០០នាក់។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី២០ ខែកញ្ញា នាពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ដោយបានអំពាវនាវ និងជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទកោះកេរ ដែលអតីតរាជធានីលិង្គបុរ ឬឆោកគគ្យ៍រ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត៕

ដោយ៖គឹម យុត្ថារ៉ូ