មន្ត្រីជាន់ខ្ពស់៖ កម្ពុជា ទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធ និងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាបូរីញូវយ៉ក ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីកសាយភាពសញ្វវុធ និង ”សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ”។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺ ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ “។

ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជា រួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត “សន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ” និងផែនការសកម្មភាពរបស់សន្និសញ្ញានេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាននូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ ប្រទេសកម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ “ពិធីសារនៃសន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ”។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ឯកសារគោលនយោបាយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពី “របៀបវារៈថ្មីសម្រាប់សន្តិភាព” ដែលបានចេញផ្សាយ កាលពីខែកក្កដា ឆ្នាំ២០២៣។ ឯកសារនេះត្រួសត្រាយផ្លូវសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner