សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ និងទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភាកន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយ សុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផលដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ នៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតីក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបតង” កាលពីថ្ងៃទី២៦ ខែកញ្ញ ឆ្នាំ២០២៣។

សម្តេចធិបតីបានបន្តថា ជាលទ្ធផលរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួនជាង៣៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងកម្រិត៨០% នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមានប្រមាណ១២,៣៨ លាននាក់ កើនឡើង៦២,៥%។ ឆ្នាំ២០២៣ នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។

សម្តេចធិបតីបនបន្តថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួម ចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមក។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតីសូមប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ៕
សូមជូនសារលិខិតរបស់សម្តេចធិបតីក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ads banner