រដ្ឋមន្រ្តីសង្គមកិច្ច ៖ សង្គមមិនរើសអើងអ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានលើកទឹកចិត្តអ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅកែវផុស ខេត្តព្រះសីហនុ ឱ្យបំភ្លេចរឿងចាស់ខិតខំកសាងអនាគតឡើងវិញ។
ឯកឧត្តម ជា សុមេធី បានណែនាំ និងលើកទឹកចិត្តដូចនេះ ក្នុងពេលលោកចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅកែវផុស និងបានជួបសំណេះសំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលផងដែរ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី មានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសថា ៖ «ត្រូវប្រឹងប្រែងហាត់កីឡា ហាត់ពត់ លត់ដំខ្លួនឱ្យមានភាពអត់ធ្មត់ និងត្រូវជឿជាក់ថាសង្គមមិនមានការរើសអើងដល់ទាំងអស់គ្នាដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ»។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។
លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា នៅក្នុងដំណើរទស្សនកិច្ច និងចុះពិនិត្យមើលវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទានេះ លោក ជា សុមេធី បានលើកទឺកចិត្តដល់អ្នកញៀនគ្រឿនញៀនដែលកំពុងស្នាក់នៅក្នុងមណ្ឌលទាំងអស់នោះ នៅពេលដែលជាសះស្បើយហើយ និងចេញពីមណ្ឌលទៅសហគមន៍វិញកុំប្រើប្រាស់ឡើងវិញ។
លោកបញ្ជាក់ថា ៖«ការដាស់តឿនរបស់ឯកឧត្តមរដ្ឋមន្ត្រីនាឱកាសនោះ ដោយសារលោកពិនិត្យឃើញថាចំនួនអ្នកញៀនគ្រឿនញៀនដែលមកបន្សាបនៅក្នុងមណ្ឌលនេះមានការកើនឡើង ហើយរដ្ឋមន្ត្រីក៏បានប្រាប់ទៅជនរងគ្រោះទាំងនោះ កុំគិតថា ខ្លួនមានកំហុស ព្រោះតែការប្រើប្រាស់គ្រឿងញៀន តែត្រូវខិតខំកែប្រែខ្លួនទៅជាមនុស្សល្អ នៅក្នុងសហគមន៍ នៅពេលខ្លួនជាសះស្បើយវិញ»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហង្ស ពិទូរ ប្រធានរដ្ឋបាលនៃមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ឌីធីអេ បានប្រាប់ឱ្យដឹងដែរថា ជាទូទៅ ការព្យាបាលចំពោះអ្នកញៀនគ្រឿងញៀន មិនថា នៅទីតាំងណានោះទេ គឺជារឿងមួយលំបាកដែលត្រូវពេលយ៉ាងហោចណាស់ ពី ៣ ខែ ទៅ ៦ ខែ ទើបអាចជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក៏អាស្រ័យទៅលើបុគ្គលផងដែរ។
លោកនិយាយថា ៖ «អំឡុងពេលនៃការស្នាក់នៅមណ្ឌល ពួកគាត់ទទួលបានការអប់រំ ណែនាំ ដាស់តឿន ឱ្យគិតគូរពីអនាគតខ្លួនឯង មុននឹងចេញទៅវិញ ហើយមុននឹងចេញទៀតសោត អាណាព្យាបាលមកទទួលសមាហរណកម្មទៅវិញហ្នឹង ក៏យើងផ្តាំផ្ញើពាក់ព័ន្ធនឹងការរស់នៅក្នុងសហគមន៍ ដើម្បីបង្ការខ្លួនចៀវវាងសេពគប់មិត្តភក្តិមិនល្អ និងត្រូវធ្វើអ្វីៗដែលល្អសម្រាប់ខ្លួន»។
បើតាម លោក ហង្ស ពិទូរ នៅពេលវិលទៅសហគមន៍វិញ មជ្ឈមណ្ឌលនីមួយៗ បានលើកទឹកចិត្ត ឱ្យបន្តសិក្សារៀនសូត្រឡើងវិញរហូតដល់បញ្ចប់ថ្នាក់ បើបុគ្គលនោះនៅរៀន។ រីឯ អ្នកដែលគ្មានការងារធ្វើ គួរតែស្វែងរការងារធ្វើ ឱ្យបានច្បាស់លាស់ដើម្បីឱ្យមានប្រភពចំណូល និងលំនឹងគ្រួសារ ដើម្បីកុំឱ្យពួកគាត់វិលត្រឡប់ទៅ ប្រើប្រាស់គ្រឿងញៀនសារជាថ្មី។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នេះ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលអាចទទួលជនរងគ្រោះបានសរុបចំនួន ២ ០០០នាក់។
ទន្ទឹមនេះ មជ្ឈមណ្ឌលជាតិកែវផុសនេះ មានភារកិច្ចទទួលយកអ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទដោយស្ម័គ្រចិត្ត ឬក្រុមគ្រួសារ អាជ្ញាធរមាន សមត្ថកិច្ច អង្គការបញ្ជូនមក និងអ្នកដែលត្រូវបានបង្គាប់ឱ្យចូលខ្លួនព្យាបាលដោយស្ថាប័ន អយ្យការ ឬស្ថាប័នតុលាការ។
មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា នេះដែរ ក៏មានផ្តល់សេវាស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនឱ្យមានប្រក្រតីភាព និងទទួលបានចំណេះជំនាញមុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញផងដែរ៕

ដោយ៖គឹម យុត្ថារ៉ូ