ប្រមុខ​កង​ទ័ព​ឥណ្ឌា ​និង​​អាមេរិក​ អំពាវ​នាវ​ឱ្យ​មាន​សេរីភាព ​និង​ស្ថិរភាព​នៅ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ​

ញូវដែលី៖ ប្រមុខ​កង​ទ័ព​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារទី ២៦ ខែកញ្ញា​ថា​ ឥណ្ឌា​បាន​ប្តេជ្ញា​រក្សា​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ឱ្យ​មាន​សេរី​ភាព​ និង​ប្រកប​ដោយ​ស្ថិរភាព​ ដែល​អធិបតេយ្យ​ភាព​ និង​បូរណ​ភាព​ទឹ​ក​ដី​នៃ​ប្រទេស​ទាំង​អស់​ ត្រូវ​បាន​គោរព​ ខណៈ​​ការ​ព្រួយ​បារម្ភ​ជា​សកល​អំពី​​​ការ​កើន​ឡើង​​នៃ​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​កើន​ឡើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

ប្រមុខ​កង​ទ័ព​ឥណ្ឌាលោក​ Manoj Pande ​បាន​ថ្លែង​បែប​នេះ​​ក្នុង​សន្និសីទ​ប្រធាន​កង​ទ័ព​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដែល​រៀប​ចំ​ដោយ​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក​ ​ហើយ​​ផ្តោត​លើ​ការ​ជំរុញ​ការ​ទូត​ និង​កិច្ច​សហប្រតិបត្តិការ​យោធា ​ក៏​ដូច​ជា​ការ​លើក​កម្ពស់​សន្តិភាព​ និង​​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​។​  ​ប្រមុខ​​​កង​ទ័ព​ និង​គណៈ​ប្រតិភូ​មក​ពី​ប្រទេស​ចំនួន​ ៣០​ កំពុង​ចូល​រួម​ជំនួប​​រ​យៈ​​ពេល​​ពីរ​ថ្ងៃ ​ដែល​ត្រូវ​​​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ​។ ​

​ទាំង​លោក​ Pande ​និងប្រមុខ​​កង​ទ័ព​​អាមេរិក​ លោក​ Randy George ​មិន​បាន​និយាយ​អំពី​ប្រទេស​ចិន​​ឱ្យ​ចំ​ៗ​នៅ​ក្នុង​សុន្ទរកថា​របស់​ពួក​គេ​​នោះ​ទេ​។​

ពេល​​សួរ​អំពី​ការ​ពង្រីក​ឥទ្ធិពលរបស់​ចិន​ ​​លោក​ George ​បាន​និយាយ​ថា​ តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក​ គឺ​ជា​អាទិភាព​ដ៏​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ ។​​នេះ​​​ជា​មូលហេតុដែល​មាន​វត្តមាន​អាមេរិក​ក្នុង​តំបន់ ហើយ​ឧស្សាហ៍​ធ្វើ​សមយុទ្ធ​យោធា​ជាង​​ផ្នែក​ណា​ៗ​ទាំង​អស់​នៅ​ប៉ាស៊ីហ្វិក​។ ​

ចំណែក​ឯ​លោក​ Pande ​បាន​និយាយ​ថា​ ទស្សនៈវិស័យ​របស់​ប្រទេស​ឥណ្ឌា​​ គឺ​ផ្តោត​លើ​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ជៀស​វាង​ការ​បង្ខំ​ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្តរជា​តិ​។​ លោក​បាន​បន្ថែម​ថា​ បន្ថែ​ម​ពី​លើ​បញ្ហា​ប្រឈម​ក្នុង​សន្តិសុខ​ដែន​សមុទ្រ​ តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​សន្តិសុខ​ និង​បញ្ហា​មនុស្សធ​ម៌​លើ​ដី​គោក​ រួម​ទាំង​ជម្លោះ​ដែនដី​ និ​ង​លើ​​កោះ​​សិប្បនិមិត្ត​​ ដែល​​​មាន​មូលដ្ឋាន​ទ័ព​​។ ត្រង់​ចំណុច​នេះ​ លោក​ចង់​សំដៅ​លើ​ការ​ធ្វើ​យោធា​កម្ម​លើ​កោះ​ផ្សេង​ៗ​របស់​ប្រទេស​ចិន ចា​ពិសេស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​។  ​

គួរ​​​បញ្ជាក់​ថា​ ការ​ទា​មទារ​​ទឹក​ដី​​របស់​​ចិន​​នៅ​​សមុទ្រ​​ចិន​​ខាង​កើត ​និង​​សមុទ្រ​​ចិន​​ខាង​ត្បូង​​ បាន​​​ធ្វើ​​ឲ្យ​​ប្រទេស​​ជិត​ខាង​​តូច​ៗ​​របស់​​ទីក្រុង​​ប៉េកាំង​​​នៅ​​អាស៊ី​អា​គ្នេយ៍​​ ក៏​ដូច​ជា​​ប្រទេស​​ជប៉ុ​ន​ ​មាន​ការ​​ព្រួយបា​រម្ភ​​។​ ទន្ទឹម​នឹង​នេះ ទំនាក់​ទំនង​រវាង​ទីក្រុង​ញូវដេលី​ និង​ក្រុង​ប៉េកាំង​ ​​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ឆ្នាំ​ ២០២០​​ នៅ​ពេល​ដែល​ទាហាន​ឥណ្ឌា ​និង​ចិន​បាន​ប៉ះ​ទង្គិ​ច​គ្នា​នៅ​តាម​ព្រំដែន​ចម្រូង​ចម្រាស់​របស់​ភាគី​ទាំង​២​នៅ​តំបន់​ Himalayan Ladakh ដែល​បណ្តាល​ឱ្យ​ទាហាន​ឥណ្ឌា ​២០​ នាក់​ និង​ចិន​៤​ នាក់​ បាន​ស្លាប់​៕

ប្រភព​៖ India and US army chiefs call for free and stable Indo-Pacific as Chinese influence grows  

ads banner